ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី ក្នុងករណីឧបទ្ទវហេតុគ្រោះថា្នក់ចរាចរណ៍ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលដំណឹងថា មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយសារអ្នកបើកបររថយន្តដឹកកម្មករនិយោជិតបើកបរខ្វះការប្រុងប្រយ័ត្ន ខណៈបើកបរ មកដល់ផ្លូវកែងជាន់ហ្រ្វាំងមិនទាន់បណ្តាលឲ្យក្រឡាប់ កាលពីវេលាម៉ោង ៦ និង ៣០នាទីព្រឹក ថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ភូមិច្រកពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍ខាងលើនេះ មានកម្មករនិយោជិតជិះក្នុង រថយន្តសរុបចំនួន ៤៨នាក់ (ស្រីទាំងអស់) និងបណ្តាលឱ្យកម្មករនិយោជិតរងគ្រោះសរុបចំនួន ២៧នាក់ (ស្រី) ក្នុងនោះ របួសធ្ងន់ចំនួន ១១នាក់ (ស្រី) និងរបួសស្រាលចំនួន ១៦នាក់ (ស្រី)។ កម្មករនិយោជិតទាំងអស់បាន ទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដោយយកចិត្តទុកដាក់បំផុត ។

គិតត្រឹមវេលាម៉ោង ១២ និង ៣០នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះទាំងអស់បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ចំនួន ៨នាក់ (ធ្ងន់ ៧នាក់)គ្លីនិកសន្តិភាព៤៤ ចំនួន ៤នាក់ (ធ្ងន់ ៤នាក់) និងកម្មករនិយោជិតរបួសស្រាល ចំនួន ១៥នាក់ បានចេញទៅសម្រាកព្យាបាលនៅផ្ទះរៀងខ្លួន ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមចូលរួមសោកស្ដាយ និងអាណិតស្រលាញ់ជាទីបំផុត ជាមួយក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃជនរងគ្រោះ និងសូមជូនពរដល់អ្នករងរបួសទាំងអស់ឆាប់បាន ជាសះស្បើយ ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តជួយដោះស្រាយទុក្ខលំបាករបស់បងប្អូនកម្មករ កម្មការិនី និងក្រុមគ្រួសារទៅតាមគោលរបបសន្តិសុខសង្គម របស់បេឡាជាតិសន្តិសុខសង្គម ៕ ប្រភព ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលចជ្ជជីវៈ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner