ជនសង្ស័យម្នាក់ ប្រើដៃវាយជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច ត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវស្រាវជ្រាវវាយខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកបីនាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវបានធ្វើការឃាត់ខ្លួននិងស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់ ពីបទប្រើហិង្សាដោយយកដៃវាយជនរងគ្រោះប្លន់យកម៉ូតូបានសម្រេចនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥និង០០នាទី ល្ងាច នៅចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះឈ្មោះពុធ សៅ ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ក្នុងក្រុម៨ ផ្លូវលេខ៩៩ ភូមិទួលសងែ្ក សង្កាត់ទួលសងែ្ក១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យឈ្មោះ ណាំ ប៊ុនឆេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្នុងភូមិ២១ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (មានសារធាតុញៀន) អវិជ្ជមានកូវីដ-១៩ ។ សម្ភារបាត់បង់រួមមានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ (ស្លាកលេខជនរងគ្រោះមិនចាំ ព្រោះបាត់កាតគ្រីម៉ូតូ )។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីទៀបភ្លឺនៅចំណុចផ្លូវ៩៩ ភូមិទួលសងែ្ក ជនរងគ្រោះបានជិះមកពីទិញលៀសនៅផ្សារដើមគត្រលប់ទៅផ្ទះវិញ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ជិះម៉ូតូ០១គ្រឿងម៉ាកអុិចសុីនទ័រ បានមកធ្វើសកម្មភាពធាក់ម៉ូតូបណ្តាលឱ្យដួល រួចវាយដោយដៃទៅលើជនរងគ្រោះប្លន់យកម៉ូតូ០១គ្រឿងបានសម្រេច ហើយក៏រត់គេចខ្លួនបាត់ទៅ ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទួលសង្កែទី១ ។ ក្រោយទទួលបណ្តឹងហើយ កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានចុះធើ្វការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ១នាក់នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥:០០នាទីល្ងាច នៅចំណុចផ្លូវជាតិលេខ៥ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

បច្ចុប្បន្ន កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបន្តស្រាវជ្រាវរកបក្ខពួកដែលនៅសេសសល់និងម៉ូតូជនរងគ្រោះជាបន្តទៀត។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាន សមត្កិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner