លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ពលរដ្ឋខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជ័យជម្នះ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះបានរៀបចំឡើងនៅឯស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណ ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានខេត្ត ក្រុង ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាននៃខេត្តស្វាយរៀង ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ដោយបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានផ្ទាល់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងរួមចំណែកកសាង និងអភិវឌ្ឍន៍ខេត្តឱ្យមានការរីកចម្រើន។

បន្ថែមលើសពីនេះ លោកជំទាវបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ទាំង ៨០ ឃុំ សង្កាត់ នៃខេត្តស្វាយរៀង ដែលបានផ្តល់យុត្តិធម៌ ជឿទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះក្នុងការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នា២០២២ កន្លងទៅនេះ។

លោកជំទាវក៏បាន ថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ និងក្រុមការងារចុះជួយក្រុង ស្រុក នៃខេត្តស្វាយរៀង ដែលបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំបំពេញការងារដោយឆន្ទៈមុះមុត ដើម្បីឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលនាំឱ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់គណបក្ស រហូតនាំមកនូវភាពជោគជ័យជូនគណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះ លោកជំទាវបានធ្វើការបូកសរុបវាយតម្លៃអំពីចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងដាក់ចេញនូវទិសដៅអនុវត្តបន្តមួយចំនួនដល់គណបក្សទូទាំងខេត្ត ដើម្បីឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ នាពេលខាងមុខឱ្យកាន់តែទទួលជោគជ័យបន្ថែមទៀត ។

លោកជំទាវបានបានគូសបញ្ជាក់ថា «ទន្ទឹមនឹងជ័យជំនះនេះ យើងទាំងអស់គ្នាត្រូវប្រឹងប្រែងបន្ថែមទៀត និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍភូមិ ឃុំ សង្កាត់ ស្រុក ក្រុង របស់យើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈ ការប្រព្រឹត្តនូវធ្វើអំពើល្អ ជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន បន្តជួយដោះស្រាយរាល់បញ្ហាប្រឈមនានា និងគ្រប់បញ្ហានៃការលំបាកជូនប្រជាពលរដ្ឋ ការផ្ដល់សេវាគាំពារសុខមាលភាពជូនប្រជាជន រួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតមានឡើងក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវការថ្នាំងថ្នាក់របស់ប្រជាជនមកលើអាជ្ញាធរមូលដ្ឋានរបស់យើង។

សូមបញ្ជាក់ថាលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២នេះ នៅខេត្តស្វាយរៀង

  • ប្រជាជនមានឈ្មោះក្នុងបញ្ជី សរុប ៣៩១.៦២២នាក់ បានមកបោះឆ្នោត សរុប ៖ ៣៣៤.៣៧៧នាក់ ស្មើនឹង ៨៥.៣៨%
  • សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជាទទួលបាន ២៤៥.១៦៤សម្លេង ទទួលបានអាសនៈ ៤១៨អាសនៈ ស្មើនឹង ៨០.៦៩%
  • បានទទួលជាមេឃុំ ចៅសង្កាត់ ៨០ឃុំ សង្កាត់ ទូទាំងខេត្ត
    *បានទទួលជាជំទប់ទី ១ ចៅសង្កាត់រងទី ១ ទាំង ៨០ឃុំ សង្កាត់
    *បានទទួលជាជំទប់ទី ២ ចៅសង្កាត់រងទី ២ ចំនួន ១៤ ឃុំ សង្កាត់
  • ក្នុងនោះគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ចំនួន ១៤ ឃុំ/សង្កាត់ រួមមាន ៖ ឃុំបន្ទាយក្រាំង ឃុំព្រះពន្លា ឃុំព្រៃធំ ឃុំរាជមន្ទីរ ឃុំសំយ៉ោង ឃុំថ្មី ស្រុកកំពង់រោទិ៍ ឃុំសង្កែ ស្រុករំដួល ឃុំអំពិល និងឃុំត្រស់ស្រុករមាសហែក ឃុំព្រៃតាអី ស្រុកស្វាយទាប សង្កាត់ស្វាយតឿ សង្កាត់ព្រៃឆ្លាក់ សង្កាត់គយត្របែក និងសង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ៕ ហេង សម្បត្តិ
ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner