គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ និងបានសម្ដែងការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិ នៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ធ្វើឱ្យគណបក្សទទួលបានជោគជ័យដ៏ត្រចះត្រចង់។ តាមរយៈជ័យជម្នះនេះ បានបង្ហាញថា ប្រជាជនបានបោះឆ្នោតជ្រើសរើសយកសន្តិភាព និងការអភិវឌ្ឍដែលមានតម្លៃលើសអ្វីៗទាំងអស់ ព្រមជាមួយនោះបានពង្រឹងមូលដ្ឋាន សម្រាប់គណបក្សប្រជាជនកម្ពុជា ឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀត ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នា ឆ្នាំ២០២៣ ខាងមុខ។

នៅក្នុងសេចក្ដីថ្លែងរបស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ៖ សូមក្រាបថ្វាយបង្គំ ព្រះថេរា នុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បាន ប្រព្រឹត្តទៅស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និង យុត្តិធម៌ ក្នុងបរិយាកាស អព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ គ្រប់គណបក្ស ដែលបានចូលរួមបោះឆ្នោត មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទបញ្ញត្តិនៃច្បាប់ ដើម្បីស្វែងរក ការគាំទ្រពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋខ្មែរជាង៨០%នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញ លេញនូវសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ដោយបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករប្រកបដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសតាំងតំណាងដែលខ្លួនពេញចិត្តឱ្យបន្តដឹកនាំឃុំ សង្កាត់ ពី ឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ បន្តទៀត។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ បានឆ្លុះបញ្ចាំងអំពីភាពចាស់ទុំន ដំណើរការប្រជាធិបតេយ្យជាទៀងទាត់នៅកម្ពុជា ជាពិសេសនៅថ្នាក់មូលដ្ឋានក្រោមពន្លឺនៃសន្តិភាព។ ជោគជ័យ នេះក៏ទទួលបាន ក្នុងខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងសម្រេចបាន សមិទ្ធផលថ្មីៗបន្តទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ព្រមជាមួយនេះ កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាក៏ កាន់តែត្រូវបានលើកកម្ពស់ឡើងនៅលើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាកំពុងទទួលតួនាទីជាប្រធានអាស៊ាន និងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ខាងមុខ។

គណបក្សប្រជាជនកម្ពុជា សូមប្រកាសជាឧឡារិក ទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ។ លទ្ធផលនៃការបោះឆ្នោតនេះ បានកើតចេញពីទឹកចិត្ត ឆន្ទៈ និងវិចារណញ្ញាណរបស់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតពិតប្រាកដ ដែលមានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំចំពោះការរីកចម្រើនរបស់ភូមិ ឃុំ សង្កាត់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនបន្តទៀត ហើយបានបដិសេធនូវការកុហកបោកប្រាស ញុះញង់ មួលបង្កាច់ការពិតរបស់ពួកប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលតែងតែរារាំងដំណើរអភិវឌ្ឍន៍ កម្ពុជា ការសម្រេចចិត្តប្រកបដោយសុភវិនិច្ឆ័យរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងនូវការ ផ្តល់យុត្តិធម៌ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីនយោ បាយរបស់ខ្លួនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការគាំទ្រយ៉ាងទូលំទូលាយចំពោះគោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា សូមគោរព និងកោតសរសើរ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរាជធានី ខេត្ត និងគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ដែលបានបំពេញតួនាទី និងភារ កិច្ចរបស់ខ្លួន ប្រកបដោយភាពឯករាជ្យ អព្យាក្រឹតឥតលម្អៀង តម្លាភាព និងយុត្តិធម៌ ក្នុងជំហរទទួលខុសត្រូវ ខ្ពស់ចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជន ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតនៅគ្រប់ដំណាក់កាលបាន ប្រព្រឹត្តទៅយ៉ាងល្អប្រសើរស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ចនៅគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់លទ្ធភាពជួយគាំទ្រយ៉ាងសកម្មដល់ដំណើរការ រៀបចំការបោះឆ្នោត ជាពិសេស ការការពារសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និង ថ្ងៃបោះឆ្នោត ធ្វើឱ្យដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូនតាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ ។

គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកអង្កេតការណ៍ជាតិមកពីគ្រប់ គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលនានា និងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងអ្នកសង្កេត ការណ៍អន្តរជាតិ ដែលបានតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ចំពោះដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោត ហើយបានធ្វើការវាយតម្លៃប្រកបដោយភាពសត្យានុម័តចំពោះការបោះឆ្នោតនេះ ថាជាការបោះឆ្នោតមានលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌។ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ដែលតែងជួយគាំទ្រដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយបានតាមពិនិត្យមើលដំណើរការបោះឆ្នោតនេះ និងបានវាយតម្លៃប្រកបដោយភាពវិជ្ជមានចំពោះការបោះឆ្នោត។

គណបក្សប្រជាជនកម្ពុជា សូមប្ដេជ្ញាចំពោះមុខប្រជាជនថា គណបក្សនឹងអនុវត្តគោលនយោបាយរបស់ ខ្លួនឱ្យបានជោគជ័យ ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឱ្យបានរឹងមាំ លើកកម្ពស់ ការផ្តល់សេវាសាធារណៈ បង្កើនកិច្ចគាំពារសង្គមជួយជនក្រីក្រ និងងាយរងគ្រោះ និងអភិវឌ្ឍឃុំ សង្កាត់លើគ្រប់ វិស័យឱ្យកាន់តែរីកចម្រើនឡើង ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រជាជន គ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ទោះបីបានបោះឆ្នោតគាំទ គណបក្សណាក្តី ឬមិនបានទៅបោះឆ្នោតក្តី សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ បារមីនៃអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង និងរួមសាមគ្គី គ្នាជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបន្តថែរក្សា សន្តិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ និងអភិវឌ្ឍមាតុភូមិជាទីស្នេហានៃយើងឆ្ពោះទៅរកអនាគតដ៏រុងរឿង។

សូមប្រគេនពរព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនបងប្អូនជនរួមជាតិ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបពុទ្ធពរ និងពរទាំង ៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបី ឃ្លៀងឃ្លាតឡើយ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner