គ្រឿងញៀនជាង ៦តោនត្រូវដុតបំផ្លាញចោលនៅក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌

ភ្នំពេញ ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» ដោយមានការអញ្ជើញចូលរួមពី ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ឯកអគ្គរាជទូតនានា ប្រចាំកម្ពុជា អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន អភិបាលរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ៣០៩៥នាក់ ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ។

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានសេចក្តីរាយការណ៍ស្វាគមន៍គោរពជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា រដ្ឋបាលរាជធានីភ្នំពេញ បានប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងមូលដ្ឋានរបស់ខ្លួន។ លើសពីនេះទៀត គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះជនរងគ្រោះ អ្នកញៀនគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់ចៀសឆ្ងាយពីគ្រឿងញៀន។

បន្ទាប់មកទៀត ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឡើងអានសារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានខ្លឹមសារថា ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដែលបាននិងកំពុងកើតមានឡើង រួមជាមួយនឹងការផ្ទុះឡើងនៃសង្គ្រាមនៅប្រទេសអ៊ុយក្រែនក្នុងរយៈពេលជិត ៤ខែកន្លងមកនេះ បាននិងកំពុងធ្វើឱ្យពិភពលោក និងមនុស្សជាតិទាំងមូលទទួលរងនូវផលប៉ះពាល់ ទាំងដោយផ្ទាល់ និងដោយប្រយោលយ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងនោះ ប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ច វប្បធម៌ សង្គមធម៌ និងជីវភាពសង្គម ក៏ដូចជាសុខភាព សតិអារម្មណ៍ ផ្លូវកាយ ផ្លូវចិត្តរបស់បុគ្គល ត្រូវបានធ្លាក់ចុះ ប្រែប្រួល និងកែប្រែទម្លាប់គួរឱ្យកត់សម្គាល់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា ជាមួយគ្នានេះ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាការដោះស្រាយនូវបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ក៏បាននិងកំពុងប្រឈមជាមួយនឹងការលំបាកជាច្រើន ដូចជាវិស័យផ្សេងៗ ផងដែរ។ ក្នុងន័យនេះ ប្រធានបទរបស់អង្គការ យូ អ៉ីន អូ ឌី ស៊ី (UNODC) ក្នុងឆ្នាំនេះ គឺមាន គោលបំណងអំពាវនាវលើកទឹកចិត្ត និងជំរុញដល់បណ្តារដ្ឋជាសមាជិកទាំងអស់ ឱ្យបន្ដផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាគ្រឿងញៀនឱ្យកាន់តែមានប្រសិទ្ធភាព ដោយផ្អែកលើគោលការណ៍សុខភាព និងមនុស្សធម៌ជាមូលដ្ឋានចម្បង។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានកិត្តិយស និងមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗជានិស្សិត និងសិស្សានុសិស្សទាំងអស់ ដើម្បីរួមគ្នាប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នាពេលនេះ ។

សម្ដេចក្រឡាហោម បានបន្ដថា ការប្រារព្ធពិធីដ៏មានសារៈ សំខាន់នេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធាន បទផ្សេងៗ ក្នុងគោលបំណងបន្តដាស់តឿន ក្រើនរំ ឮកដល់ជនគ្រប់រូបឱ្យយកចិត្តទុកដាក់ និងស្វែងយល់ឱ្យបានកាន់តែច្បាស់ ថែមទៀតពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាក្នុងគោល បំណងបន្តអំពាវនាវ និងបំផុសឱ្យមានការចូលរួម និងគាំទ្រកាន់តែសកម្មថែមទៀត ក្នុងគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងដោយប្រយោល។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងក្មួយៗជានិស្សិត និងសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃ និមន្ត និងអញ្ជើញ មកចូលរួម ដែលធ្វើឱ្យពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នេះ កាន់តែមានភាពអធិកអធម និងមានខ្លឹមសារកាន់តែជ្រាលជ្រៅថែមទៀត ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរ ដោយស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួង-ស្ថាប័ន-អង្គភាពជាសមាជិក ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានយកចិត្តទុកដាក់ និងអនុវត្តយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ទៅតាមទួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរចំពោះក្រសួង-ស្ថាប័ន-អង្គភាពពាក់ព័ន្ធ អង្គការ-សមាគមជាតិ-អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន បណ្តាប្រទេសជាមិត្ត ពិសេសប្រជាពលរដ្ឋទូទៅ ក៏ដូចជា ក្មួយៗជានិស្សិត និងសិស្សានុសិស្សទាំងអស់ ដែល បានចូលរួម និងគាំទ្រយ៉ាងពេញទំហឹង ទាំងក្នុងពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន រហូតធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទាំង ៦ដំណាក់កាល របស់រាជរដ្ឋាភិបាល ដំណើរការទៅបានដោយរលូន និងទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ។

សូមជម្រាបជូនដែរថា ក្រោយបញ្ចប់កម្មវិធីអបអរសាទរទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ «ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌» សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញដុតបំផ្លាញចោលនូវគ្រឿងញៀនជាង ៦តោន ផងដែរ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner