រថយន្ត prius ពាក់ស្លាកលេខនគរបាលបុករះម៉ូតូកង់បីឥណ្ឌា និងរទេះលក់សាច់អាំងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌានិងរទេះលក់សាច់អាំងរងការខូចខាតយ៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០៖៣០ នាទីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខហាងម៉ាស្សាមួយកន្លែង តាមបណ្ដោយផ្លូវ ២៦១ កែងនឹងផ្លូវ ១៦០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់បើករថយន្តtoyota prius មួយគ្រឿងពណ៌ស ពាក់ស្លាកលេខនគរបាល2-1295 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៦១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1GH-2881 និងរទេះលក់សាច់អាំង ខណៈកំពុងចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងជ្រុះសាច់អាំងរាយពេញផ្លូវ ។ ភ្លាមនោះគេឃើញអ្នកបើកបរចេញពីរថយន្តដើរទ្រេតទ្រោតសង្ស័យស្រវឹងស្រា ។
ក្រោយកើតហេតុគេឃើញមានអាជ្ញាធរមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាក្រោយពីសម្របសម្រួលគ្នាអស់រយៈពេលជិតកន្លះម៉ោង ទើបខាងភាគីបង្ករបានចេញសំណងថ្លៃខូចខាតទៅឲ្យភាគីម៉ូតូកង់បី និងភាគីរទេះលក់សាច់អាំងដើម្បីបញ្ចប់រឿង ៕ ដោយ ៖ ជីម ភារ៉ា
![](https://asset.ams.com.kh/central/media/photo_2022-06-27_07-49-37-1024x768.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_07-49-48-1024x576.jpg)
![](https://asset.ams.com.kh/central/media/photo_2022-06-27_07-49-58-1024x576.jpg)