ក្រុមវិសាខា B ក្លាយជាម្ចាស់ជើងឯក នៃការប្រកួតបាល់ទះពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២២
(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ បានបិទបញ្ចប់ជាផ្លូវការហើយ ក្រោយដំណើរការប្រកួតយយ៉ាងស្វិតស្វាញដែលចាប់ផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នៅកីឡដ្ឋានបាល់ទះព្រីនស៍ (ហ្គេ្រនភ្នំពេញ)ខណៈក្រុមវិសាខា( B ) ក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីបានយកឈ្នះក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ (B) នៅវគ្គផ្តាច់ព្រ័ត្រ។ ដែលពិធីបិទការប្រកួតធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯកឧត្តម គង់ វិបុល ប្រធានកិត្តិយស ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយចប់ការប្រកួតថា៖«យើងឃើញហើយថាបងប្អូនដែលជាសមាជិក ក្រុមចូលរួមពីតាមបណ្តាខេត្តមានស្នាដៃ បច្ចេកទេស ប្រហាក់ប្រហែលគ្នា ដល់តែយកមកដាក់លើទីលានទើបឃើញថាមានការឈ្នះចាញ់គ្នាមិនដាច់ខ្លាំងទេ ប៉ុន្តែអ្វីដែលខ្វះនោះគឺគាត់ខ្វះឱកាស យើងព្យាយាមបង្កើតព្រឹត្តិការណ៍នានាឱ្យពួកគាត់បង្ហាញឱកាស ឱ្យមហាជននិងទស្សនិកជនបានឃើញពួកគាត់ពិតប្រាកដ»។អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះបន្តថា ពានរង្វាន់សម្តេចក្រឡាហោម ស ខេង នឹងបន្តធ្វើរាល់ឆ្នាំខាងមុខទៀត ខណៈក្រុមខ្លាំងត្រឹមវគ្គ៨ក្រុមចុងក្រោយនិងក្រុមខ្លាំងផ្សេងទៀត ត្រូវបន្តប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ ខាងមុខទៀត។
នៅក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការប្រកួត នឹងគណៈកម្មការជំនាញទាំង៧ ដៃគូឧបត្ថម្ភ ដៃគូសារព័ត៌មានដែលបានចុះយកព័ត៌មានផ្ទាល់ ទាំងពិធីចាប់ឆ្នោត ពិធីបើក រហូតដល់ពិធីបិទ នាពេលនេះ។នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត មានជំនឿជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំនេះ កីឡាកររបស់យើងមកពី២១រាជធានី ខេត្ត ទទួលបានបទពិសោធន៍ថ្មីៗ ដើម្បីជាទុនទៅពង្រឹងនូវចំណុចខ្វះខាតសម្រាប់ការប្រកួតលើកក្រោយៗទៀត ជាពុំខាន បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល១៨ថ្ងៃ មកនេះ ។ទន្ទឹមគ្នានេះ គណៈកម្មការជំនាញទាំង៧ ខាងលើ បានយកចិត្តទុកដាក់ និងធ្វើការទៅតាមជំនាញ និងស្មារតីរៀងៗខ្លួន ដែលធ្វើឲ្យកម្មវិធីប្រកួតដំណើរការជោគជ័យល្អបំផុត។ នាយឧត្តមសេនីយ៍ សង្ឃឹមយ៉ាងមុតមាំថា គណៈកម្មការជំនាញទាំង៧ នឹងបន្តជួយជ្រោមជ្រែងដើម្បីឲ្យសហព័ន្ធកីឡាបាល់ទះរបស់យើង ខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិ ពិសេសទទួលជោគជ័យនៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ពាក់កណ្តាលឆ្នាំក្រោយ និងដណ្តើម បានមេដាយទី២ ជាប្រវត្តិសាស្ត្របន្ថែមទៀត បន្ទាប់ពីឈ្នះមេដាយសំរឹទ្ធជាប្រវត្តិសាស្តនៅប្រទេសវៀតណាម។
សូមបញ្ជាក់ថា ការប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២នេះ មានក្រុមមកពីតាម បណ្តារាជធានី-ខេត្តចំនួន២១ក្រុមធ្វើការប្រកួតប្រជែងតាំងពីថ្ងៃទី៨ ដល់២៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងនោះក្រុវិសាខា (B) ក្លាយជាម្ចាស់ជើងឯង ក្រុមរដ្ឋបាលរាជធានីភ្នំពេញ (B) ជើងឯករង សមាគមន៍កីឡាបាល់ទះខេត្តសៀមរាប ទទួលចំណាតថ្នាក់លេខ៣ ។
សូមជម្រាបជូនថា ចំពោះក្រុមដែលជាប់ចំណាត់ថ្នាក់ពីលេខ១ដល់លេខ៧ក្នុងពានរង្វាន់សម្តេចក្រឡាហោមស ខេងជាបេក្ខភាពបន្ថែមដើម្បីចូលរួមដណ្តើមពានរង្វាន់សម្តេចតេជោ នាពេលខាងមុខជាមួយក្រុមខ្លាំងទាំង៥ ដែលអង្គុយចាំមានដូចជាក្លឹបបាល់ទះ វិសាខា, ក្លិបបាល់ទះក្រសួងមហាផ្ទៃ, ក្លិបបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស, រដ្ឋបាលរាជធានីភ្នំពេញ និង កងពលធំអន្តរាគមន៍លេខ៣៕
ដោយ ៖ សារ៉ាន ទីងី