សប្តាហ៍នេះប្រទេសកម្ពុជា មានខ្យល់ខ្លាំង និងខ្យល់កន្ត្រាក់ ច្រើន ដោយសារឥទ្ធិពលសម្ពាធទាបសកម្ម នៅក្នុងសមុទ្រ ចិន ខាងត្បូង

ភ្នំពេញ៖ចាប់ពី ថ្ងៃទី ២៩ ខែមិថុនា រហូតដល់ ដើមខែ កក្កដា ប្រទេស កម្ពុជា មាន បាតុភូត ខ្យល់ កន្ត្រាក់ កើតឡើង ច្រើន ជាមួយ ខ្យល់ បក់បោក ខ្លាំង ជាពិសេស នៅ តំបន់ មាត់សមុទ្រ ដោយសារ ឥទ្ធិពល សម្ពាធ ទាប សកម្ម មួយ ដែល បាន កើតឡើង នៅក្នុង សមុទ្រ ចិន ខាងត្បូង ភាគ ពាយ័ព្យ នៃ ប្រទេស ហ្វីលីពីន ដើរ ទៅរក ដីគោក ប្រទេស ចិន ម្តុំ ហុងកុង ។

លោក ចាន់ យុ ត្ថា អ្នកនាំពាក្យ និង ជា រដ្ឋលេខាធិការ ក្រសួង ធនធានទឹក និង ឧតុនិយម បាន ប្រាប់ ឱ្យ រស្មី កម្ពុជា នៅ ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ នេះ ថាៈ ប្រទេស កម្ពុជា ចាប់ ពីថ្ងៃ ទី ២៩ មិថុនា រហូតដល់ ដើមខែ កក្កដា មាន បាតុភូត ខ្យល់ កន្ត្រាក់ កើតឡើង ច្រើន ជាមួយនឹង ខ្យល់ ខ្លាំង ជាពិសេស នៅ តំបន់ មាត់សមុទ្រ ដោយសារ ឥទ្ធិពល សម្ពាធ ទាប មួយ នៅលើ ភាគ ខាង ជើង ប្រទេស ហ្វីលីពីន ដើរចូល ក្នុង សមុទ្រ ចិន ខាងត្បូង ហើយ វិ វត្ត ទៅជា សម្ពាធ ទាប សកម្ម ឬ ជា វិ សម្ពាធ ដើរ ទៅរក ដីគោក នៃ ប្រទេស ចិន ម្តុំ ហុងកុង ។

អ្នកនាំពាក្យ ក្រសួង ជំនាញ ខាងលើ បាន ឱ្យដឹងទៀតថាៈ នៅក្នុង អំឡុងពេល ខាងលើ ក្រៅពី មាន ខ្យល់ ខ្លាំង ភ្លៀង ក៏ នៅតែមាន ធ្លាក់ តែ មិន រាយប៉ាយ ស្មើ ទេ មានតែ នៅ តំបន់ មាត់ សមុទ្រ និង តំបន់ ខ្ពង់រាប ភាគ ឦសាន និង ខ្ពង់រាប ភាគ ខាងជើង ឯ តំបន់ ទំនាប កណ្តាល មាន ភ្លៀង ធ្លាក់ ខ្សោយ ។ ប៉ុន្តែ អ្វីដែល ត្រូវ យកចិត្តទុកដាក់ នោះ គឺមាន ខ្យល់ ខ្លាំង ជាពិសេស នៅ តំបន់ មាត់សមុទ្រ ។

លោក ចាន់ យុ ត្ថា បាន បន្ថែម ថា នៅពេល ខាងមុខ នៅ តំបន់ អាង ទន្លេមេគង្គ ក្នុងប្រទេស ឡាវ អាចមាន ភ្លៀង ធ្លាក់ ច្រើន ។ តំបន់ ខ្ពង់រាប របស់ ប្រទេស កម្ពុជា ក៏មាន ភ្លៀង ធ្លាក់ ដែរ តែ មិន ច្រើន ទេ ដូច្នេះ ទឹកទន្លេ មេគង្គ នៅ មិនទាន់ ហក់ ឡើង ខ្លាំង បានឡើយ ។

ក្រសួង ធនធានទឹក និង ឧតុនិយម កាលពី ថ្ងៃទី ២១ ខែមិថុនា បាន ជូនដំណឹង ស្តីពី ការ ព្យាករ ស្ថានភាព ធាតុអាកាស សម្រាប់ ពីថ្ងៃ ទី ២២ ដល់ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ ថាៈ ព្រះរាជាណាចក្រ កម្ពុជា បន្ត ទទួល ឥទ្ធិពល ពី ជ្រលង ប្រព័ន្ធ សម្ពាធ ទាប ដែល អូសបន្លាយ នៅលើ ភាគ ខាងជើង ប្រទេស ថៃ ប្រទេស ឡាវ និង ប្រទេស វៀតណាម ជាមួយនឹង ខ្យល់ មូសុង និរតី បក់ ក្នុង ល្បឿន ពី មធ្យម ទៅ បង្គួរ បង្កឱ្យមាន ភ្លៀង ធ្លាក់ ច្រើន ដោយ អន្លើ លាយឡំ ទៅដោយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។

នៅក្នុង សេចក្តីជូនដំណឹង បានសរសេរថាៈ បណ្តា ខេត្ត នៅ តំបន់ វាលទំនាប កណ្តាល មាន សីតុណ្ហភាព អប្បបរមា ពី ២៤ ទៅ ២៦ អង្សា សេ និង សីតុណ្ហភាព អតិបរមា មាន ពី ៣៥ ទៅ ៣៧ អង្សា សេ ។ អាចមាន ភ្លៀង ធ្លាក់ នៅក្នុង កម្រិត ពី តិច ទៅ បង្គួរ ជាមួយគ្នា នោះ ផ្នែក ខ្លះ នៃ បណ្តា ខេត្ត និង រាជធានី អាចមាន ភ្លៀង ធ្លាក់ ច្រើន ដោយ អន្លើ លាយឡំ ទៅដោយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ។

សម្រាប់ នៅ ខេត្ត ជាប់ ជួរ ភ្នំ ដងរែក និង ខ្ពង់រាប ភាគ ឦសាន មាន សីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សា សេ និង សីតុណ្ហភាព អតិបរមា មាន ពី ៣៤ ទៅ ៣៦ អង្សា សេ ។ អាចមាន ភ្លៀង នៅក្នុង កម្រិត ពី តិច ទៅ មធ្យម លាយឡំ ទៅដោយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ដោយ អន្លើ ។

សម្រាប់ តំបន់ មាត់សមុទ្រ មាន សីតុណ្ហភាព អប្បបរមា មាន ពី ២៤ ទៅ ២៦ អង្សា សេ និង សីតុណ្ហភាព អតិបរមា មាន ពី ៣៤ ទៅ ៣៦ អង្សា សេ ។ អាចមាន ភ្លៀង ធ្លាក់ ក្នុង កម្រិត ពី តិច ទៅ បង្គួរ លាយឡំ ទៅដោយ ផ្គរ រន្ទះ និង ខ្យល់ កន្ត្រាក់ ព្រមទាំង មាន រលក សមុទ្រ ក្នុង កម្រិត មធ្យម ៕
(ប្រភពរស្មីកម្ពុជា)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner