ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទទូចឱ្យបញ្ជូន លោកស្រី អោងសាន ស៊ូជី ត្រឡប់ទៅលំនៅដ្ឋានវិញ

ភ្នំពេញ៖ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា បានជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា នូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហ សេវិក អាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រី ត្រឡប់ទៅលំនៅដ្ឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងក្នុង លិខិត ផ្ញើជូន ឯកឧត្ដម Wunna Maung Lwin រដ្ឋមន្ត្រីការ បរទេសនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលថ្មីៗនេះថា៖ «ខ្ញុំមិន មានមន្ទិលសង្ស័យទេថាក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុក ក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថាមាន តួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិ ឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយ នយោបាយ ដោយសន្តិវិធីមួយ»។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ក្នុងតួនាទីជាប្រេសិត ពិសេសរបស់ប្រធានអាស៊ានស្ដីពី មីយ៉ាន់ម៉ា «ខ្ញុំសូមលើកឡើងពី ការទទូចរបស់សហសេវិកអាស៊ាន សូមអោយក្រុមប្រឹក្សារដ្ឋបាល រដ្ឋ នៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់ របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រី ត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកប ដោយ យុត្តិធម៌ និងសុភវិនិច្ឆ័យ»។

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានលើកឡើងថា «យើង ទាំងអស់ គ្នាមានទស្សនៈដូចគ្នាថា ការផ្សះផ្សាជាតិដោយសន្តិវិធី មិនអាចកើតឡើងបានឡើយ នៅពេលដែលភាគីមួយនៃជម្លោះ មិនត្រូវបានបញ្ជូលទៅក្នុងសមីការ (equation) ដំណោះស្រាយ» និងបានគូសបញ្ជាក់ថា «អាស្រ័យហេតុនេះ សហសេវិក អាស៊ាន ទាំងអស់ ជំរុញយ៉ាងខ្លាំងឱ្យ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់មីយ៉ាន់ម៉ា ចាប់ផ្តើមដំណើរការប្រកបដោយបរិយាប័ន្ននៃការផ្សះផ្សាជាតិ ដោយមិនមានការពន្យារពេលបន្ថែមទៀតនោះឡើយ»។

ឯកឧត្ដមប្រេសិតពិសេស បានបន្ថែមថា ដំណោះស្រាយ នយោបាយ ដោយសន្តិវិធី ចំពោះជម្លោះមួយ ទោះបីជាមានភាពស្មុគស្មាញ យ៉ាងណាក៏ដោយ ត្រូវតែមានការចែករំលែកលំហនយោបាយ ដោយភាគីពាក់ព័ន្ធទាំងអស់៕
ដោយ៖ពលជ័យ

ads banner