សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី ជាង ១០០នាក់ អញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២

រតនគិរី ៖ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី ចំនួនជាង ១០០នាក់ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ ដើម្បីជាការរំព្ញកដឹងគុណចំពោះវីរយុទ្ធជន យុទ្ធនារី ដែលបានពលិកម្មសព្វបែបយ៉ាងចំពោះជាតិនិងមាតុភូមិ ។ ពិធីនេះបានរៀបចំធ្វើឡើងនៅសាលមហោស្រពខេត្តរតនគិរី នាព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី ។

ឧត្តមសេនីយ៍ទោ ខាំ ស៊ុក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរីបានលើកឡើងថា ទិវាអតីតយុទ្ធជនកម្ពុជា របស់សមាគមអតីតយុទ្ធជនកម្ពុជា ធ្វើឡើងក្នុងគោលបំណងរំលឹកអំពីវីរភាព និងផ្តល់កិត្តិយសឲ្យសាកសមនឹងគុណបំណាច់របស់អតីតយុទ្ធជន មានចំពោះជាតិមាតុភូមិ និងប្រជាជន និងជាការផ្សព្វផ្សាយនូវសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនអតីតយុទ្ធជន និងជនរួមជាតិទាំងអស់ ។

ឧត្តមសេនីយ៍ទោ ខាំ ស៊ុក បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តរតនគិរីមានអតីតយុទ្ធជន ចំនួន ៥៧៥នាក់ ក្នុងនោះមានយោធិនពិការ ៦៧ នាក់,យោធិនចូលនិវត្តចំនួន
២៧៣នាក់,យោធិនបាត់បង់ចំនួន ២ នាក់,គ្រួសារពលី ៩៣នាក់ និងគ្រួសារមរណៈ ៤០នាក់។

ឯកឧត្តម ញ៉ែម សំអឿន ក៏បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់បងប្អូនអតីតយុទ្ធជន ដែលសម្តេចទាំងទ្វេ តែងតែមានការនឹករលឹក និងគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជានិច្ច ដែលបងប្អូនមានគុណបំណាច់ដ៏ធំធេងចំពោះជាតិនិងមាតុភូមិ ។ មិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តយកចិត្តទុកដាក់លើការដោះស្រាយបញ្ហាជីវភាពរស់នៅ ការជួយកសាងផ្ទះ ផ្តល់ជូនដីធ្លី ចំពោះបងប្អូនអតីតយុទ្ធជនដែលមានជីវភាពក្រីក្រ និងគ្មានលទ្ធភាព។

ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ត្រូវបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីប្រទេសជាតិទទួលបានសុខសន្តិសភាព ស្ថិរភាពនិងកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនទៅមុខថែមទៀត ។

នៅក្នុងឱកាសនោះគណៈអធិបតីបានចែកជូនដល់សមាជិកអតីតយុទ្ធជនដែលបានចូលរួមទាំងអស់ក្នុងម្នាក់ៗ ថវិកា ៥មុឺនរៀល សារ៉ុង១ និងម៉ាស់ ១ដុំផងដែរ ៕ ដោយ គតិ យុត្ត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner