ឯកអគ្គរដ្ឋទូតចិន៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាងចិន-កម្ពុជា មានកំណើន លំនឹងថេរនិងមានសុខុមាលភាព ជាលំដាប់

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តមវ៉ាង វិនធៀន (Wang Wentian) បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-កម្ពុជាមានកំណើនលំនឹងថេរនិងមានសុខុមាល ភាពជាលំដាប់។

ឯកឧត្តមបន្តថា ក្រោមបរិបទជំងឺកូវីដ១៩កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងកម្ពុជាមានលក្ខណៈកើនឡើងទោះបីជួបបញ្ហាកូវីដ១៩ក៏ដោយឆ្នាំ២០២១ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជាសម្រេចបានគោលដៅ១០ពាន់លានដុល្លារអាមេរិកមុនការគ្រោងទុកដែលឈានដល់១១.១៩៤ពាន់លានដុល្លារអាមេរិកកើនឡើង៣៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។

ក្នុងរយៈពេលដូចគ្នានេះ ដែរ កម្ពុជាបានទាក់ទាញការវិនិយោគចិនមានចំនួន២.៣២ពាន់លាន ដុល្លារអាមេរិកមានកំណើនជិត៧០ភាគរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ការវិនិយោគចិនមានចំនួន៥៣.៤ភាគរយនៃចំនួនវិនិយោគសរុប បានបន្តក្លាយជាប្រភពវិនិយោគ ធំជាងគេសម្រាប់កម្ពុជា។ ចាប់តាំងពីដើមឆ្នាំ២០២២នេះមក លទ្ធផលនៃកិច្ចសហ ប្រតិបត្តិការ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈលេចធ្លោ។ ក្នុងតី មាសទី១ ការវិនិយោគផ្ទាល់មិនមែនហិរញ្ញវត្ថុរបស់ចិននៅកម្ពុជា មានចំនួន២០៦លាន ដុល្លារអាមេរិក មានកំណើន៣៥.២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ឯកអគ្គរដ្ឋទូតចិនបញ្ជាក់នេះយ៉ាងដូច្នេះនៅក្នុង សិក្ខាសាលា ស្តីពី”ការទូតសេដ្ឋកិច្ចក្រោមគន្លងថ្មី”នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារHyatt Regency Phnom Penh។

ឯកអគ្គរដ្ឋទូតចិនបានបន្តថា ទំហំពាណិជ្ជកម្មរវាងចិននិងកម្ពុជា ក្នុង រយៈពេលប្រាំខែដំបូងមានចំនួនឈានដល់ ៤.៩៩០ពាន់លាន ដុល្លារអាមេរិក មានកំណើន២៦.១ភាគរយបើធៀបនឹងរយៈពេលដូចគ្ន កាលពីឆ្នាំ២០២១ ចិននៅតែបន្តជាដៃគូពាណិជ្ជកម្មធំបំផុត សម្រាប់ កម្ពុជា។ បន្ទាប់ពី មានការនាំចូលកសិផលកម្ពុជាចូលទៅកាន់ ទីផ្សារ ចិនដែលក្នុងនោះមានដូចជា ចេក ស្វាយ និងជលផលជាដើម ត្រីបាកម្ពុជាគ្រោងនឹងបញ្ចប់នីតិវិធីសម្រាប់ការនាំចេញទៅ កាន់ប្រទេសចិនជាផ្លូវការនាពេលខាងមុខនេះ។

កិច្ចសហប្រតិបត្តិការផ្ដល់ផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យកសិកម្មនៃប្រទេសទាំងពីរទទួលបានសមិទ្ធផលជាក់ស្តែងថ្មីមួយទៀត។ ខាងលើនេះបានឆ្លុះបញ្ចាំងពីភាពធន់ដ៏រឹងមាំនិងការបំពេញឱ្យគ្នាទៅ វិញទៅមកលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានក្លាយជាផ្នែកមួយដ៏សំខាន់និងជាប្រភពកម្លាំងរស់រវើកក្នុងការស្តារសេដ្ឋកិច្ចឡើងវិញនិង កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់៕
ដោយ៖ពលជ័យ

រូបភាព៖ក្រសួងការបរទេសកម្ពុជា

ads banner