សម្តេចតេជោ ហ៊ុន សែន អំពាវនាវជាថ្មីទៀត ឱ្យអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ អញ្ជើញទៅទទួលវ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ តាមរយៈសារសំេឡេងពិសេសផ្ញើជូនជនរួមជាតិ នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវជាថ្មីម្ដងទៀត ឱ្យអ្នកដែលមិនទាន់បានទទួលការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ អញ្ជើញទៅទទួលវ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារនេះថា៖ គិតមកដល់ ពេលនេះ មានរយៈពេល ៥១ថ្ងៃ ហើយដែលកម្ពុជាយើង មិនមាន ការឆ្លង ជំងឺកូវីដ-១៩ដែលនេះ គឺជាជោគជ័យមួយដែល កម្ពុជា យើងទទួលបាន ហើយអ្វីដែលសំខាន់នោះ យើងបានទប់ស្កាត់មិន ឲ្យមានមនុស្សស្លាប់ដោយសារកូវីដ អស់រយៈពេលជាច្រើនខែមកហើយ ហើយចុងក្រោយនេះ យើងក៏បានរួមគ្នាទប់ស្កាត់ មិនឱ្យមានការ ឆ្លងរាល ដាលនៃកូវីដទៅទៀត ដែលយើងអាចនិយាយបានថា សូន្យកូវីដ រយៈពេល ៥១ថ្ងៃ កន្លងផុតទៅហើយ ។

សម្ដេចតេជោបន្តថា ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្ដើមចេញពីការរួបរួមគ្នានៃជនរួមជាតិរបស់យើង មិនថាជាតិសាសន៍ សាសនា ឬជំនឿលើនិន្នាការនយោបាយសម្រាប់គណបក្សណានោះទេ យើងបានរួមគ្នាធ្វើកិច្ចការដ៏ល្អ ដែលបង្កើតភាពស៊ាំសហគមន៍។ ភាពស៊ាំសហគមន៍ ដែលបានមកពីការចាក់វ៉ាក់សាំង បានបង្កនូវ ស្ថានភាពល្អប្រសើរមិនឱ្យមានមនុស្សស្លាប់តទៅទៀត ហើយក៏មិន ឱ្យមានមនុស្សឆ្លងទៅទៀត ។ប៉ុន្តែភាពស៊ាំសហគមន៍នេះ គឺនៅមិន ទាន់គ្រប់គ្រាន់នៅឡើយទេ ដោយសារតែមកដល់ពេលនេះ ចំនួន ប្រជាពលរដ្ឋ របស់យើងដែលបានចាក់ដូសទី៣ ទើបនឹងបានជាង ៩លាននាក់ បើប្រៀបធៀបជាមួយនឹង ១៥លាននាក់ ដែលនឹង ត្រូវទទួលដុសទី៣ យើងនៅសល់ប្រជាពលរដ្ឋជាង ៥លាននាក់ទៀត ដែលមិនទាន់បានទទួលនូវដូសទី៣ នៅឡើយ សម្រាប់អ្នក ចាក់ដូសទី៤ គឺបានជាង ២លាននាក់ និងចាក់ដូសទី៥ បានជាង ២០ម៉ឺននាក់។

សម្ដេចេជោបន្តថាសម្តេចសូមយកឱកាសនេះ អំពាវនាវចំពោះ បងប្អូន ប្រជាពលរដ្ឋ ដែលមិនទាន់បានទទួលដុសទី៣ ត្រូវខិតខំស្វះស្វែង រកដូសទី៣ បញ្ហាវាមិនលំបាកសម្រាប់វ៉ាក់សាំងទេ ប៉ុន្តែអ្វីដែលជា ការលំបាក គឺបងប្អូនមិនព្រមមករកវ៉ាក់សាំងតែម្ដង។ នេះជាបញ្ហាដែល អាចបង្កនូវស្ថានភាពដ៏លំបាកនៅពេលក្រោយ ។ កូវីដ-១៩ ពិតមែន តែវាមិនបានឆ្លងនៅកម្ពុជាយើង ប៉ុន្តែកូវីដ-១៩ មិនទាន់ទៅណា ឆ្ងាយពីយើងនៅឡើយទេ សូម្បីតែនៅក្នុងកម្ពុជា មិនមានឆ្លងប៉ុន្តែ មិនមែនសេចក្ដីថា មិនមានកូវីដ១៩ នៅជិតយើងនោះទេ។

សម្ដេចសូមអំពាវនាវដោយទទូចសម្រាប់ប្រជាពលរដ្ឋទាំងអស់ ទាំងចាស់ ក្មេង ប្រុសស្រី គ្រប់ជាតិសាសន៍ សាសនា និងគ្រប់ និន្នាការនយោបាយ ចូលរួមទទួលយកវ៉ាក់សាំងដុសទី៣ ដើម្បីធានា នូវភាពស៊ាំសហគមន៍។ ជាមួយនោះ បងប្អូនដែល ទទួលបានដូសទី៣ រួចហើយសូមអញ្ជើញទៅទទួលដូសទី៤ ហើយមន្ត្រីជួរមុខរបស់យើង ក៏ត្រូវរួសរាន់ទៅទទួលយកដូសទី៥ ដើម្បីធានាថា ភាពស៊ាំសហគមន៍ នឹងកើតមានទៅលើរាងកាយរបស់យើង ក៏ដូចជាក្រុមគ្រួសារ និង សហគមន៍ របស់យើងតែម្ដង។

បើទោះបីជាកូវីដមិនបានឆ្លង ប៉ុន្តែកង្វល់របស់សម្ដេច ក៏ដូចជា រដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏នៅតែបន្តមាន ព្រោះថា ជំងឺច្រើនប្រភេទបានលេចឡើងក្នុងពេលតែមួយ ដូច្នេះជម្រើស ដែលល្អជាងគេ គឺចាក់វ៉ាក់សាំងការពារទុកជាមុន សូម្បីតែសម្ដេច ក៏ទើបតែនឹងទទួលការចាក់វ៉ាក់សាំងសម្រាប់ការពារជំងឺរលាកសួតទុកជាមុនរួចហើយដែរ ព្រោះយើងមិនអាចមើលដឹងថា តើជំងឺនោះ វានឹងកើតឡើងនៅពេលណា ដែលយើងមិនអាចដឹងបាន ។

សម្ដេចតេជោ សូមអង្វរករចំពោះប្រជាពលរដ្ឋ ជាពិសេស ចំពោះ អ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ជាង ៥លាន នាក់ ត្រូវទៅទទួលកាចាក់វ៉ាក់សាំង ហើយសុំឱ្យអាជ្ញាធររាជធានី-ខេត្ត រៀបចំទីតាំងបង្កលក្ខណៈងាយស្រួល និងបង្កើតនូវក្រុមចុះចាក់វ៉ាក់សាំង ទៅចាក់តាមភូមិ តាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនទាន់បាន ចាក់វ៉ាក់សាំងហើយគាត់គ្មានលទ្ធភាព ដើម្បីធ្វើដំណើរមកកាន់ ទីកន្លែង ចាក់វ៉ាក់សាំង ដែលយើងរៀបចំជូន ។

សម្ដេចតេជោបានសុំឱ្យគណៈកម្មការចំពោះកិច្ច ពិនិត្យសិក្សាអំពីថា តើអ្នកដែលមិនទាន់ទទួលវ៉ាក់សាំងដុសទី៣ ស្ថិតនៅតំបន់ណា ច្រើន ជាងគេ ធ្វើយ៉ាងនេះ ទើបយើងអាចដឹងបាន និងរៀបចំផែនការ សម្រាប់ ពង្រាយក្រុមគ្រូពេទ្យ នឹងពង្រាយទីតាំងសម្រាប់ការចាក់វ៉ាក់សាំង ដូស ទី៣។ គ្រប់ខេត្ត-រាជធានី ត្រូវសិក្សាថា អ្នកដែលមិនទាន់បានចាក់ ដូសទី៣ ស្ថិតក្នុងប្រភេទណា៖ ជាកម្មករ ជាកសិករ ជាតំបន់ណា ពិតប្រាកដ ដើម្បីយើងងាយពង្រាយគ្រូពេទ្យ នឹងពង្រាយវ៉ាក់សាំង ទៅកាន់ទីនោះ ធ្វើយ៉ាងដូច្នេះ វាបង្កើតបាននូវចលនា ម្ខាងស្វះស្វែងរ ក វ៉ាក់សាំង ម្ខាងទៀតត្រូវទទួលវ៉ាក់សាំង ។

សម្ដេចតេជោបញ្ជាក់ថា សម្តេចកំពុងគិតថា ដោយសារតែបងប្អូន ប្រជាពលរដ្ឋរបស់យើង បានទទួលការចាក់វ៉ាក់សាំងដូស មូលដ្ឋា នរួចរាល់ហើយ ទន្ទឹមគ្នាជាមួយនឹងការពុំមានការស្លាប់ និងពុំមាន ការឆ្លង បងប្អូនគិតថា វ៉ាក់សាំងមូលដ្ឋាន២ដូស គឺគ្រប់គ្រាន់, នេះជា ការភ័ន្តច្រឡំមួយដ៏ធំ ដែលអាចនឹងបង្កើតនូវហានិភ័យដល់គ្រោះថ្នាក់ សម្រាប់ប្រទេសជាតិ សម្រាប់បុគ្គលផ្ទាល់ និងក្រុមគ្រួសាររបស់ បង ប្អូននៅពេលខាងមុខ។ វាក់សាំង អាចអស់ពីខ្លួនយើងរួចទៅហើយ គ្មានអ្វីការពារខ្លួនទៀតទេ ព្រោះគម្លាតពីការចាក់វ៉ាក់សាំងដូសមូលដ្ឋាន មកដល់ពេលនេះ គឺមានគម្លាតរយៈពេលវែងណាស់ទៅហើយ។ ដូច្នេះ ប្រសិនបើមានការវាយលុកសារជាថ្មីដោយជំងឺកូវីដ១៩ប្រាកដ ណាស់ គឺការវាយលុកនោះ នឹងស្ថិតតម្រង់ឆ្ពោះទៅរកបុគ្គលដែលមិនទាន់បាន ទទួលវ៉ាក់សាំងគ្រប់គ្រាន់ ភាពស៊ាំនៅទន់ខ្សោយ គឺងាយទទួលនូវការ រងគ្រោះ ។ដូច្នេះសម្ដេចសុំ អង្វរករចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ ព្រះអង្គ ចំពោះបងប្អូនជនរួមជាតិ ដែលមិនទាន់បានទទួលការ ចាក់វ៉ាក់សាំង ដូសទី៣ គឺសូមនិមន្ត និងអញ្ជើញទៅទទួលយក នូវដូសទី៣នេះ ។ សម្ដេចបន្តថា ការពារប្រសើរជាងព្យាបាល ហើយកូវីដ១៩ គឺវាចាប់ផ្ដើមបំផ្លាញទៅលើអ្នកដែលមាន សុខភាព ទន់ខ្សោយ គ្មាននរណាឈឺជំនួសបងប្អូននោះទេ សូម្បីតែប្ដី-ប្រពន្ធ បងប្អូនបង្កើត កូនបង្កើត ក៏មិនអាចឈឺជំនួសបុគ្គលណាបានឡើយ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner