គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានមានប្រសាសន៍ថ្លែង ប្រាប់ AMS នៅមុននេះបន្តិថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានប្រកាសទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាស កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

លោក ម៉ម សូណង់ដូ បានបញ្ជាក់ថា “ខ្ញុំអត់មានជម្រើសទេ ត្រូវតែទទួលយក ហើយ១អាសនៈក៏១ដែរ វាគ្រាន់ជាងអត់ សំខាន់សម្រាប់គណបក្សរបស់ខ្ញុំ គឺមិនមែនរឿងជ័យជម្នះ សំខាន់គឺការចូលរួមបោះឆ្នោត។ ដូច្នេះខ្ញុំអបអរសាទរដែលគ.ជ.ប បានរៀបចំការបោះឆ្នោតនេះបានត្រឹមត្រូវ ហើយនៅក្នុងស្ថាប័នជាតិ និងអន្តរជាតិ ក៏គេគាំទ្រ គេសន្និដ្ឋានថា ការបោះឆ្នោតមានតម្លាភាព និងយុត្តិធម៌ ដូច្នេះខ្ញុំអត់មានអីតវ៉ាទេ”។ ជាមួយគ្នានេះ លោក ម៉ម សូណង់ដូ មេដឹកនាំគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏បានអបអរសាទរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានត្រឹមត្រូវ។

គ.ជ.ប បានប្រកាសថា គណបក្សនយោបាយចំនួន៩ ដែលទទួលបានអាសនៈមានដូចជា៖
១. គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ៥,៣៧៨,៧៧៣ សំឡេង ស្មើនឹង ៧៤.៣២% និងទទួលបានអាសនៈចំនួន ៩៣.៧៦ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ១៦៤៨ឃុំ , ជំទប់ទី១ ចំនួន ១៦១៨ និងជំទប់ទី២ ចំនួន ២៦១ ។
២. គណបក្សភ្លើងទៀន ទទួលបានសំឡេងសរុបចំនួន ១,៦១០,៥៥៦ សំឡេង ស្មើនឹង ២២.២៥% និងទទួលបានអាសនៈចំនួន ២,១៩៨ អាសនៈ ដោយក្នុងនោះជាប់ជាមេឃុំចំនួន ៤ឃុំ , ជំទប់ទី១ ចំនួន ២៥ និងជំទប់ទី២ ចំនួន ១៣៦០។
៣. គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានសំឡេងសរុបចំនួន ៩១,៧៩៨ សំឡេង ស្មើនឹង ១.២៧% និងទទួលបានអាសនៈចំនួន ១៩ អាសនៈ , ជំទប់ទី១ ចំនួន ៤ និងជំទប់ទី២ ចំនួន ១២ ។
៤. គណបក្សខ្មែររួបរួមជាតិ ទទួលបានសំឡេងសរុបចំនួន ៦៣,៨៦៨ សំឡេង ស្មើ ០.៨៨% និងទទួលបានអាសនៈចំនួន ១៣ អាសនៈ , ជំទប់ទី១ ចំនួន ១ និងជំទប់ទី២ ចំនួន ១០ ។
៥. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានសំឡេងសរុបចំនួន ៦,៨០៧ សំឡេង ស្មើ ០.០៩% និងទទួលបានអាសនៈចំនួន ៦ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។
៦. គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបានសំឡេងសរុបចំនួន ៣៣,២៥៩ សំឡេង ស្មើ ០.៤៦% និងទទួលបានអាសនៈចំនួន ៥ អាសនៈ , ជំទប់ទី១ ចំនួន ២ និងជំទប់ទី២ ចំនួន ២។
៧. គណបក្សយុវជនកម្ពុជា ទទួលបានសំឡេងសរុបចំនួន ១៣,៨៤១ សំឡេង ស្មើ ០.១៩% និងទទួលបានអាសនៈចំនួន ៣ អាសនៈ , ជំទប់ទី២ ចំនួន ៣។
៨. គណបក្សកម្ពុជានិយម ទទួលបានសំឡេងសរុបចំនួន ៤,៨៥៦ សំឡេង ស្មើ ០.០៧% និងទទួលបានអាសនៈចំនួន ១ អាសនៈ , ជំទប់ទី២ ចំនួន ១។
៩. គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ទទួលបានសំឡេងសរុបចំនួន ២,៤៦០ សំឡេង ស្មើ ០.០៣% និងទទួលបានអាសនៈចំនួន ១ អាសនៈ ,ជំទប់ទី២ ចំនួន១៕
ដោយ៖ពលជ័យ

ads banner