សម្ដេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនជនរួមជាតិ បន្តការពារខ្លួនតាមវិធានការរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្នុងមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅវិមាន៧មករា សម្ដេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសូមឱ្យបងប្អូនជនរួមជាតិ បន្តការពារខ្លួនតាមវិធានការរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ។

សម្ដេចតេជោ បានលើកឡើងថា រយៈពេលជាង២ឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើង ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។

ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍ អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិន ឱ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះឱ្យយើង អាចដំណើរការបើកប្រទេសឡើងវិញលើគ្រប់វិស័យបានចាប់ពីចុងឆ្នាំ ២០២១ មក ដោយហេតុនេះ ទើបនៅថ្ងៃនេះយើងអាចធ្វើមីខ្ទីងរំឭកខួបទី៧១ របស់គណបក្សបានយ៉ាងឧឡារិកក្នុងបរិវេណនៃវិមាន ៧មករា នេះប្រកបដោយសុវត្ថិភាព ។

សម្ដេចតេជោ បានបង្ហាញជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាក ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពី ផែនដីនេះក៏ដោយ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹង ថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ ។

សម្ដេចតេជោ ហ៊ុន សែន សូមឱ្យបងប្អូនជនរួមជាតិយកចិត្តទុកដាក់ បន្តការពារខ្លួនតាម វិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅ ចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ ។

នៅក្នុងឱកាសនេះដែរ ក្នុងនាមប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភ គាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner