លោក កឹម សុខា រងការព្រមានពីតុលាការចំពោះការអនុវត្តផ្ទុយនឹងបម្រាមធ្វើសកម្មភាពនយោបាយ
ភ្នំពេញ ៖ លោកកឹម សុខា មិនត្រូវបានចាប់ឃុំខ្លួននោះទេ ប៉ុន្តែបានរងការព្រមានពីចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ ចំពោះការអនុវត្តផ្ទុយនឹងបម្រាមរបស់តុលាការ ពាក់ព័ន្ធនឹងការធ្វើសកម្មភាពនយោបាយ ។ នេះបើតាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះ ។លោកកឹម សុខា ត្រូវបានអោយចេញពីបន្ទប់សវនាការទៅលុះនៅដ្ឋានវិញ បន្ទាប់ពីសវនាការជាង៥ម៉ោងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ ។

លោកប្លង់ សុផល បានបញ្ជាក់ថា “ការព្រមានលោក កឹម សុខា ត្រូវបានធ្វើឡើងនៅក្នុងពេលសវនាការតែម្តង និងចុះក្នុងកំណត់ហេតុសវនាការផងដែរ និងមិនអនុញ្ញាតឲ្យធ្វើសកម្មភាពបែបនេះតទៅទៀតទេ ប្រសិនបើនៅតែបន្តនឹងអនុវត្តតាមផ្លូវច្បាប់” ។
សូមជម្រាបថា នៅក្នុងសវនាការនៃសាលាដំបូងរាជធានីភ្នំពេញនឹងបន្តទៅថ្ងៃទី៦ខែកក្កដាឆ្នាំ២០២២ខាងមុខ។
គួររំលឹកថាកាលពីថ្ងៃទី១៨ ខែមិថុនាកន្លងទៅនេះ ក្នុងជំនួបជាមួយអ្នកគាំទ្រនៅខេត្តសៀមរាប លោក កឹម សុខា បានប្រកាសប្រាប់ពួកគេថា លោក និងលោក សម រង្ស៉ី បានបញ្ចប់សម្ព័ន្ធភាពជាមួយគ្នាហើយ ដោយលោក សម រង្ស៉ី បានចាកចេញទៅចូលរួមគណបក្សភ្លើងទៀន ហើយបានវាយប្រហារមកលើរូបលោកថែមទៀត។ សំឡេងរបស់ លោក កឹម សុខា ដែលត្រូវបានផ្សព្វផ្សាយដោយវិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២១ ខែមិថុនា។ សកម្មភាពរបស់លោក កឹម សុខា នៅខេត្តសៀមរាប ជាសកម្មភាពបំពានលើបម្រាមរបស់តុលាការ។
សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លោក កឹម សុខា ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ជាមួយនឹងលក្ខខណ្ឌចំនួន៣ រួមមាន៖ ១៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា, ២៖ មិនត្រូវធ្វើសកម្មភាពនយោបាយ និង៣៖ ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច៕ដោយ៖ពលជ័យ