រដ្ឋបាលរាជធានីភ្នំពេញ កំពុងជួសជុលជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ លើផ្លូវកម្ពុជាក្រោម ចាប់ពីស្ពានអាកាស៥មករា ដល់ផ្សារធំថ្មី
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងធ្វើការជួសជុលជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស៥មករា ដល់ផ្សារធំថ្មី ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រង សមជាទីក្រុង ដែលជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២ថា ៖ អនុវត្តតាមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពជួសជុលជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ លើកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស៥មករា ដល់ផ្សារធំថ្មី ដោយឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងនោះមានខណ្ឌទួលគោក ខណ្ឌ ៧មករា និងខណ្ឌដូនពេញ ក្រោយពីកំណាត់ផ្លូវនេះ មានការខូចខាតដោយកន្លែង ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវធ្វើការជួសជុល និងអ៊ុតកៅស៊ូឡើងវិញ ទាំងស្រុងតែម្តង ។
ចំពោះការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវមួយខ្សែនេះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ពីការបញ្ចប់ការដ្ឋាននៅពេលណានោះទេ ដោយលោក បញ្ជាក់ថា ពេលនេះជារដូវភ្លៀងធ្លាក់ យើងមិនអាចកំណត់ពេលវេលាបាននោះទេ បើមានភ្លៀងធ្លាក់ជាប់ៗគ្នា ការដ្ឋាន គឺមិនអាចដំណើរការទៅកើតនោះទេ ៕ ដោយ ថេត វិចិត្រ









