អត្តពលិកពិការកម្ពុជាពីររូបទៅហាត់កីឡាអុកនៅឥណ្ឌូនេស៊ី

ភ្នំពេញ៖ អត្តពលិកពិការកម្ពុជា២រូបបានរួមដំណើរជាមួយប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាទៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ដើម្បីហ្វឹកហាត់កីឡាអុកនៅទីនោះរយៈពេលមួយខែ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា ៖«ការងារចាំបាច់មួយគឺថា កម្ពុជាត្រូវរៀបចំវិញ្ញាសាថ្មីៗ ក្នុងនោះគឺកីឡាអុកដែលប៉ារ៉ាឡាំពិកកម្ពុជាយើងអត់មានទេ ដូច្នេះទៅជាមួយខ្ញុំនេះមានកីឡាករ២រូបយកទៅផ្ញើជាមួយប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ីរយៈពេល១ខែដើម្បីឲ្យពួកគាត់បានហ្វឹកហាត់អុកនៅទីនោះ»។

ដោយឡែកចំពោះប្រតិភូដែលចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ីគឺដើម្បីចូលរួមសិក្ខាសាលានាយបេសកកម្មស្តីពីការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ៖«សម្រាប់ការធ្វើដំណើរលើកទីមួយទៅប្រទេសឥណ្ឌូនេស៊ីនេះ យើងត្រូវចុះឈ្មោះប្រតិភូយើងជាបឋមជាមួយគណៈកម្មការរៀបចំនៅឥណ្ឌូនេស៊ី និងបច្ចេកទេសផ្សេងៗទៀត។ ប្រតិភូទៅចូលរួមសិក្ខាសាលានេះមានគ្នា៣នាក់ ដែលមានខ្ញុំជានាយកបេសកកម្ម និងនាយបេសកកម្មរង២នាក់ទៀត»។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា កម្ពុជានឹងធ្វើការចុះឈ្មោះបញ្ជីបឋមដើម្បីឲ្យប្រតិភូបានទៅឥណ្ឌូនេស៊ីគឺទី១ប្រកបដោយសុវត្ថិភាព ទី២គឺការបង់ថ្លៃថវិកាដោយស្នើសុំម្ចាស់ផ្ទះឲ្យមានការបន្ធូរបន្ថយ ពីព្រោះប្រតិភូកម្ពុជាប្រហែលជាច្រើនជាងប្រតិភូប្រទេសដទៃ ស្របពេលកម្ពុជាត្រៀមខ្លួនធ្វើម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ីនេះ កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡាទៅប្រកួត រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner