នៅខេត្តពោធិ៍សាត់ មានរៀបចំពិធីផ្សព្វផ្សាយអប់រំ អំពីលិខិតបទដ្ឋានជាតិអន្តរជាតិពាក់ព័ន្ធនឹងការគោរពសិទ្ធមនុស្ស
ខេត្តពោធិ៍សាត់៖ គណកម្មាធិការជាតិប្រឆាំងទារុណកម្ម បានបើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិពាក់ព័ន្ធនឹងការគោរពសិទ្ធមនុស្ស ព្រមទាំងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជូនដល់មន្ត្រីសាធារណៈ សមត្ថកិច្ចជំនាញនិងសង្គមស៊ីវិលជាង ១០០នាក់ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ។
លោក ចេង ឡៃ អភិបាលខេត្តស្តីទីនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដែលបានបើកវគ្គអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិពាក់ព័ន្ធនឹងការគោរពសិទ្ធមនុស្សនិងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តពោធិ៍សាត់នាពេលនេះ ។ វគ្គអប់រំផ្សព្វផ្សាយដ៏មានសារៈសំខាន់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ និងសង្គមស៊ីវិលក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងទាក់ទងនឹងការប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាពនៅតាមបណ្តាខេត្តនិងកន្លែងឃុំឃាំងនិមួយៗ ដើម្បីបង្ការទប់ស្កាត់និងត្រូវបានការពារដោយច្បាប់ ។
កម្ពុជា ជាសមាជិកហត្ថលេខីនៃអនុសញ្ញាប្រឆាំងការធ្វើទារុណកម្មកាលពីថ្ងៃទី១៤វិច្ឆិកាឆ្នាំ១៩៩២បានទទួលស្គាល់និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ពោលគឺប្រជាពលរដ្ឋមានភាពស្មើគ្នាចំពោះមុខច្បាប់ និងករណីកិច្ចដូចគ្នាដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈ សង្គម ធនធាន ឬស្ថានភាពឯទៀត ហើយការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវឲ្យប៉ះពាល់ដល់អ្នកដទៃឡើយ ។
លោក ធន រចនា លោក សាង ច័ន្ទសីហា និងលោក នៅ រិទ្ធី គ្រូឧទ្ទេស បានធ្វើបទបង្ហាញស្តីពីលិខិតបទដ្ឋានជាតិនិងអន្តរជាតិទាក់ទងនឹងការគោរពសិទ្ធិមនុស្ស ពាក់ព័ន្ធនឹងការប្រឆាំងទារុណកម្ម និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ។
ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានថ្លែងថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មមានតួនាទី ជាយន្តការបង្ការថ្នាក់ជាតិមួយ មានឯករាជ្យភាពនៅពេលបំពេញមុខងាររបស់ខ្លួន។ ជំហានថ្មីមួយទៀតដើរតួជាប្រព័ន្ធត្រួតពិនិត្យទៀងទាត់នៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយដែលត្រូវបានដកហូតសេរីភាព រួមមានពន្ធនាគារយោធា រាជធានីខេត្ត ទាំងផ្នែកព្យាបាលជនវិកលចរិត មណ្ឌលអប់រំកែប្រែស្តារនីតិសម្បទាសម្រាប់អនីតិជន កន្លែងឃុំខ្លួនបណ្តោះអាសន្នរបស់នគរបាល យុត្តិធម៌ មណ្ឌលសម្រាប់ជនទេសន្តប្រវេសន្ត មណ្ឌលអប់រំព្យាបាលសុខភាពផ្លូវចិត្ត មណ្ឌលសំចតសង្គមកិច្ចនិងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀននិងមណ្ឌលអប់រំផ្សេងៗទៀត។ ទាំងអស់នេះធ្វើឡើងក្នុងគោលដៅពង្រឹងការការពារជនទាំងនោះពីទារុណកម្ម ឬទណ្ឌកម្មដែលមានចរិតឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប។
តាមរយៈនៃការអប់រំផ្សព្វផ្សាយនេះ ឯកឧត្តមសូមឲ្យអ្នកមានសមត្ថកិច្ចគ្រប់គ្រងជនត្រូវបាន ឬជនដែលនឹងត្រូវបានដកហូតសេរីភាព ត្រូវបង្កើនការយល់ដឹង ដើម្បីធានាបង្ការទប់ស្កាត់ទៅនឹងអំពើឃោរឃៅ អមនុស្សធម៌ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ជាធរមាន និង ធានាថាមន្ត្រីសាធារណៈជាអ្នកគ្រប់គ្រងមនុស្សដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួនត្រូវអនុវត្តប្រកបដោយសេចក្តីថ្លៃថ្នូ និងការគោរព ។
ឯកឧត្តមបានជម្រាបជូនដែរថា បច្ចុប្បន្ន គណកម្មាធិការជាតិប្រឆាំងទារុណកម្មទើបតែបង្កើតឡើង ដូចនេះប្រឈមទៅនឹងបញ្ហាជាច្រើន តែទោះជាយ៉ាងនេះត្រូវតែខិតខំពង្រឹងតួនាទី ភារកិច្ច និងធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល ក្នុងការការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឲ្យរួចផុតពីការធ្វើទារុណកម្មមកលើខ្លួន ដោយសង្ឃឹមថា សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្តាប់ដើម្បីទទួលបានការយល់ដឹងច្បាស់អំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ សម្រាប់ជាមូលដ្ឋានក្នុងការបំពេញតួនាទី ភារកិច្ចឲ្យកាន់តែប្រសើរនិងមានប្រសិទ្ធិភាព៕ ដោយ ៖ ចេង ពុំ
