តួកគីបើកភ្លើងខៀវឱ្យស៊ុយអែត និងហ្វាំងឡង់ចូលណាតូ ប៉ុន្តែទំនាស់ផ្ទៃក្នុងនៅតែបន្ត

ម៉ាឌ្រីដ៖ តួកគីបានផ្លាស់ប្តូរគោលជំហររបស់ខ្លួន និងយល់ព្រមគាំទ្រការស្នើសុំសមាជិកភាពរបស់ស៊ុយអែត និងហ្វាំងឡង់ក្នុងអង្គការណាតូ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងកំលុងកិច្ចប្រជុំកំពូលណាតូដែលកំពុងបន្តនៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ ខណៈដែលជម្លោះនៅក្នុងប្លុកយោធានេះនៅតែមាន។

បន្ទាប់ពីកិច្ចប្រជុំក្នុងចំណោមមេដឹកនាំប្រទេសទាំងបី រួមគ្នាជាមួយអគ្គលេខាធិការអង្គការណាតូលោក ជេន ស្តូធិនប៊ឺគ នៅរសៀលថ្ងៃអង្គារសប្តាហ៍នេះ អនុស្សរណៈត្រីភាគីដែលនិយាយអំពីក្តីកង្វល់សន្តិសុខរបស់តួកគីត្រូវបានយល់ព្រម និងចុះហត្ថលេខាដោយបើកផ្លូវសម្រាប់ការដាក់ពាក្យសុំចូលជាសមាជិកណាតូរបស់រដ្ឋ Nordic ទាំងពីរ។

លោក ស្តូធិនប៊ឺគ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីយប់ថ្ងៃអង្គារដដែលថា ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ឥឡូវនេះយើងមានកិច្ចព្រមព្រៀងមួយដែលអាចឱ្យស៊ុយអែត និងហ្វាំងឡង់ចូលជាសមាជិកណាតូហើយ។

លោក ស្តូធិនប៊ឺគ បន្តថា ប្រការនេះនឹងពង្រឹងសមត្ថភាពអង្គការណាតូបន្ថែម ហើយវាក៏នឹងពង្រឹងការការពារប្រទេសស៊ុយអែត និងហ្វាំងឡង់ផងដែរ ដោយលោកបន្ថែមថា ឥឡូវនេះគឺជាពេលវេលាសម្រាប់សមាជិកចំនួន ៣០ ផ្សេងទៀតធ្វើការសម្រេចចិត្ត។ ថ្វីបើតួកគីបានសម្រេចចិត្តបើកភ្លើងខៀវក៏ដោយ ក៏ ប្រមុខណាតូបានទទួលស្គាល់ថា ជម្លោះក្នុងប្លុកយោធានេះនៅតែមាន។

លោក ស្តូលធិនប៊ឺគ បញ្ជាក់ថា នឹងនៅតែមានជម្លោះនៅក្នុងសម្ព័ន្ធការពារ ប៉ុន្តែយើងបានបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពរបស់យើង៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner