នៅខេត្តកំពង់ចាម មានរៀបចំ មីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

កំពង់ចាម ៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានរៀបចំមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៏លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២ ដែលរៀបចំធ្វើនៅសាលប្រជុំសសរ ១០០សម្តេចតេជោ ក្រុងកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ។

បន្ទាប់ពីឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានឡើងអានសុទ្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួចមក, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា នៅគ្រាដំបូងមានឈ្មោះថា គណបក្សប្រជាជនបដិវត្តខ្មែរ ដើម្បីដឹកនាំការតស៊ូដណ្តើមឯករាជ្យពីពួកអាណានិគមនិយម។ ចាប់ពីថ្ងៃចាប់បដិសន្ធិរហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលនយោបាយ និងទស្សនទាននយោបាយរបស់ខ្លួនជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ប្រធានគណបក្ស បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា យើងទាំងអស់គ្នាសូមគោរពដឹងគុណចំពោះយុទ្ធជនវៀតណាម ដែលជួយកម្ពុជាផ្តួលរំលំរបបវាលពិឃាដខ្មែរក្រហម ហើយក៏សូមគោរពដឹងគុណដ៏ជ្រាលជ្រៅផងដែរចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី និងវឌ្ឍនភាព។

ជាពិសេស ក្រោយបញ្ចប់សង្រ្គាមទាំងស្រុងនៅឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ កម្ពុជាមានភាពជោគជ័យយ៉ាងខ្លាំង ដោយរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សម្រេចបាននូវការកាត់បន្ថយភាពក្រីក្រឆាប់រហ័ស, កំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗទ្បើងដល់ ១៨១៦ដុល្លារ ក្នុងឆ្នាំ២០២០ ធៀបនឹង ១៦៧៩ដុល្លារ ក្នុងឆ្នាំ២០១៩។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្ថែមថា ក្រោមម្លប់នៃសន្តិភាព, លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ឋិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកស្ទួយឥតឈប់ឈរ។

ខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំនេះ បានប្រារព្ធធ្វើទ្បើងក្នុងបរិយាកាសដែលប្រជាជនកម្ពុជា បានអបអរសាទរជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ និងបានបញ្ជាក់ថា កម្ពុជាបាននិងកំពុងដើរនៅលើគន្លងប្រជាធិបតេយ្យសេរីពហុបក្ស។

ម្យ៉ាងវិញទៀត ខួបអនុស្សាវរីយ៍ ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជានៅឆ្នាំនេះ បានផ្សារភ្ជាប់ទៅនឹងខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ និងយុទ្ធមិត្តដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបប្រល័យពូជសាសន៍ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្រ្គាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការកសាងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយឈរនៅលើគោលនយោបាយរបស់គណបក្ស គឺ រក្សាសន្តិភាព និងបន្តការអភិវឌ្ឍ។

ដើម្បីធានាភាពឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តីផ្តល់អនុសាសន៍មួយចំនួនជូនសមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់យកខ្លឹមសារសុន្ទរកថា របស់សម្ដេចតេជោ ប្រធានគណបក្ស ទៅផ្សព្វផ្សាយរៀនសូត្រនៅក្នុងគ្រប់ស្ថាប័ន និងមូលដ្ឋានទាំងអស់ ។

បន្ទាប់មក, តំណាងអង្គការមហាជន តំណាងអង្គការស្ត្រី និងតំណាងកម្លាំងប្រដាប់អាវុធទាំងបី បានឡើងប្តេជ្ញាចិត្តថា នឹងស្មោះស្ម័គ្រ និងដើរតាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដោយឥតងាករេ ដើម្បីឧត្តមប្រយោជន៏ជាតិ និងប្រជាជន ៕ ប្រភព ៖ គណៈរដ្ឋមន្ត្រី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner