អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការក្តៅក្នុងការទប់ស្កាត់ និងបង្ក្រាបអាជីវកម្មរ៉ែខ្សាច់ខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

អត្ថបទដោយ៖
ធី ដា

កំពង់ចាម ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលបានដាក់ចេញនូវវិធានការទប់ស្កាត់ និងបង្ក្រាបរាល់អាជីវកម្មបូមខ្សាច់ ដែលអនុវត្តផ្ទុយពីច្បាប់អនុញ្ញាត និងទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឈានទៅលុបបំបាត់ឲ្យអស់នូវភាពអាណាធិបតេយ្យ និងដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ជាក់ស្តែង នៅថ្ងៃទី២៨-២៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម អភិបាលខេត្ត បានចាត់ឲ្យក្រុមការងារខេត្ត ដឹកនាំដោយ ឯកឧត្តម ហេង វណ្ណី អភិបាលរងខេត្ត និងជាប្រធានក្រុម ដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្នុងនោះរួមមាន÷ ស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឆៅ វុទ្ធា ស្នងការរងនគរបាលខេត្ត ទទួលផែនចរាចរណ៍ផ្លូវទឹក -លោក នួន សុីលាត នាយករងរដ្ឋបាលសាលាខេត្ត -លោក លី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពល -តំណាងកងរាជអាវុធហត្ថខេត្ត -ប្រធាន ការិយាល័យចរាចរណ៍ផ្លូវទឹកខេត្ត -អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះអនុវត្តការងារខាងលើរហូតទទួលបានលទ្ធផលជាបន្តបន្ទាប់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានឱ្យដឹងថា កន្លងមកធ្លាប់មានព័ត៌មានទាក់ទងទៅនឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ និងថាមពលបានអនុញ្ញាតច្បាប់ឲ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់ ដោយម្ចាស់អាជីវកម្មមិនបានបូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ និងបានធ្វើឱ្យរដ្ឋាភិបាលមានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ ។

ទាក់ទងទៅនឹងហេតុផលខាងលើ ឯកឧត្តម អភិបាលខេត្តបានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្មបូមខ្សាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ទៅតាមទីតាំង ដែលក្រសួងរ៉ែនិងថាមពលបានកំណត់ក្នុងច្បាប់អនុញ្ញាត៕ ដោយ ៖ លីពៅ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner