កិច្ចប្រជុំផ្សព្វផ្សាយពីដំណើររៀបចំនិងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ(២០២៣-២០២៥) របស់ រដ្ឋបាល ខេត្តកែប
ខេត្តកែប ៖ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារកសាងផែនការ អភិវឌ្ឍន៍ខេត្តកែប ដឹកនាំដោយ ឯកឧត្តម អ៊ុក ថា អភិបាលស្ដីទីនៃគណៈ អភិបាលខេត្តកែប និងជាអនុប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយពីការរៀបចំកម្មវិធីវិនិយោគ បីឆ្នាំរំកិល(២០២៣-២០២៥) រដ្ឋបាលខេត្ត ដោយមានការអញ្ជេីញចូលរួម ពីឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងក្រុមការងារកសាងផែនការអភិវឌ្ឍន៍ខេត្ត ទីចាត់ការអង្គភាពនានារបស់ខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក តំណាងសហគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណ ៥០នាក់ ។
លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្ត បាន បញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណងឱ្យអ្នក ចូលរួមទាំងអស់ បានយល់កាន់តែច្បាស់ អំពីសារសំខាន់ នៃការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ខ្លឹមសារ លិខិតបទដ្ឋាននានាដែលពាក់ព័ន្ធ ផងដែរ ។
ឯកឧត្តម អ៊ុក ថា អភិបាលស្តីទី នៃគណអភិបាលខេត្ត កែប បានលេីកឡេីងថា ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត គឺជាការដែលធ្វើឱ្យខ្លឹមសារ នៃផែនការអភិវឌ្ឍន៍ខេត្ត ទៅជាសកម្មភាព ឬសេវាជាក់ស្ដែង ដោយមានភ្ជាប់នូវចំណាយមូលនិធិ សំដៅលើកកម្ពស់ការផ្តល់ សេវាសាធារណៈ និងកិច្ចអភិវឌ្ឍនៅក្នុងខេត្តសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ ។
ឯកឧត្តម បានបន្តទៀតថា កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្លុះបញ្ចាំងពីគម្រោង ឬសេវាជាអាទិភាព និងតម្លៃតាមបណ្តាឆ្នាំនីមួយៗ ក្នុងរយៈពេលបីឆ្នាំ ស្របនឹងក្របខ័ណ្ឌចំណាយរយៈពេលមធ្យមរបស់រដ្ឋបាលខេត្ត។ ពាក្យថា “បីឆ្នាំ រំកិល “ មានន័យថា កម្មវិធីវិនិយោគត្រូវរៀបចំឡើងសម្រាប់រយៈពេលបីឆ្នាំ និងធ្វើបច្ចុប្បន្នភាពជា រៀងរាល់ឆ្នាំ។ ការរៀបចំបែបនេះ នាំមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីដែល បម្រុងនឹងអនុវត្ត នៅឆ្នាំខាងមុខ ដែលរៀបចំឡើងដើម្បីបង្កើតទ្រព្យសម្បត្តិសាធារណៈ (ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត) និងសេវាកម្ម សម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាព របស់ប្រជាពលរដ្ឋ ៕ Sila Sarin