ក្រសួងបរិស្ថានបានចូលរួមអភិរក្សនិងលើកស្ទួយវិស័យទេសចរណ៍ដើម្បីលើកស្ទួយជីវភាពប្រជាសហគមន៍មូលដ្ឋាន

សៀមរាប ៖ ក្រសួងបរិស្ថានបាននិងកំពុងអភិរក្ស ក៏ដូចជាចូលរួមអភិវឌ្ឍន៍តំបន់ប្រាសាទ តំបន់ធនធានធម្មជាតិ និងតំបន់ផ្សេងៗទៀតដែលជាគោលដៅទេសចរណ៍ដើម្បីធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍ វិស័យទេសចរណ៍ និងពិសេសការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ។

លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងក្នុងពេលចុះបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននិងបឹងទន្លេសាបចាប់ពីថ្ងៃទី ២៨-៣០ ខែ មិថុនា ឆ្នាំ ២០២២បានឱ្យដឹងថា ឧទ្យានជាតិភ្នំគូលែនគឺជាគោលដៅដ៏ដំខាន់មួយនៃតំបន់ទេសចរណ៍ជាច្រើនទៀតនៅខេត្តសៀមរាប ។ តំបន់មួយនេះមានទាំងសម្បត្តិវប្បធម៌ បេតិកភណ្ឌ ដែលជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ ។

លោកបានបញ្ជាក់បន្ថែមថា “ក្រសួងបរិស្ថានមានគោលដៅសំខាន់ចូលរួមអភិរក្សធនធានធម្មជាតិ ប៉ុន្តែទន្ទឹមជាមួយគ្នាយើងក៏បានចូលរួមជួយផ្នែក ថែរក្សាការពារសម្បត្តិបេតិកភណ្ឌ ប្រាសាទ និងតំបន់ដទៃទៀតដោយបានចូលរួមសហការជាមួយក្រសួងវប្បធម៌ ។ យើងបានចូលរួមជាមួយក្រសួងពាក់ព័ន្ធផ្សេងទៀតសំដៅធ្វើយ៉ាងណារៀបចំតំបន់ទេសចរណ៍ឱ្យសម្បូរបែប ពិសសភ្ញៀវទេសចរដែលមកកាន់ខេត្តសៀមរាបតែម្តង”។

ទាក់ទិនទៅនឹងការអនុវត្តគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ដែលជាគម្រោងជំនួយហិរញ្ញប្បទាន របស់ធនាគារពិភពលោកនេះដែរ ត្រូវបានលោក ឃិន ម៉េងឃាង មានប្រសាសន៍ថា ក្រសួងបរិស្ថានបានធ្វើការសិក្សាស្រាវជ្រាវរួចហើយ គឺមានទីតាំងគោលដៅថ្នាក់តំបន់ចំនួន ៣កន្លែង ទី១នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន ទី២នៅតំបន់ភ្នំឱរ៉ាល់ និងទី៣នៅតំបន់តាតៃខេត្តកោះកុង ។

លោក ឃិន ម៉េងឃាង ប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានបានថ្លែងដែរថា សម្រាប់នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែននេះមានសហគមន៍ចំនួន ៥ដែលកំពុងទទួលផលប្រយោជន៍។ ចំពោះគម្រោង” និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”គឺបានសិក្សាទៅលើផ្លូវតភ្ជាប់ ដែលមានទាំងក្នុងសហគមន៍ និងផ្លូវដើរព្រៃ។ក្រៅពីនេះយើងនឹងសិក្សាទៅលើផ្ទាំងដែនទេសភាព ដើម្បីកំណត់ថា តំបន់ណាដែលជាកន្លែងមានសក្តានុពលសម្រាប់រៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ឱ្យវិស័យឯកជនចូលមកវិនិយោគ ពិសេសគម្រោងអេកូទេសចរណ៍ខ្នាតតូច ។ក្រៅពីនេះយើងនឹងពិនិត្យមើលទៅលើទឹកស្អាត អនាម័យ ។ ជាមួយគ្នាយើងនឹងគាំទ្រដល់សហគមន៍នានាដើម្បីរៀបចំអេកូទេសចរណ៍កម្រិតសហគមន៍ ដើម្បីសំដៅលើកស្ទួយជីវភាពគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។

គួរបញ្ជាក់ថា គណៈប្រតិភូបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែនចុះបំពេញទស្សនកិច្ចនៃការអនុវត្តគម្រោង “ និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា”ទៅកាន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន នៅថ្ងៃទី២ ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នំា២០២២នេះ ដឹកនាំដោយឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជានាយកគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» នៃដំណើរសម្រាប់ការបំពេញទស្សនកិច្ចរយៈពេលបីថ្ងៃពោលគឺចាប់ពីថ្ងៃទី២៨ ដល់ទី៣០ ខែមិថុនា ឆ្នាំ២០២២ នៃការអនុវត្តគម្រោង – និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មានគោលបំណងសំខាន់ៗ ដូចជា ១)បង្ហាញពីវឌ្ឍនភាព និងផែនការ សកម្មភាពគម្រោង – ២)ពិនិត្យទិដ្ឋភាពជាក់ស្ដែងលើអនុសាសន៍នានាដែលជាលទ្ធផលនៃការសិក្សារៀបចំ ចក្ខុវិស័យ និងផែនការវិនិយោគអេកូទេសចរណ៍ -៣)បង្ហាញសក្តានុពលសម្រាប់ការវិនិយោគអេកូទេសចរណ៍ ប្រកបដោយនិរន្តរភាព និង៤)ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ នៅតំបន់ឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម “ភ្នំគូលែន» និងបឹងទន្លេសាប ៕ អត្ថបទ ជិន ម៉ាដេប៉ូ រូបភាព ង៉ាន់ ទិត្យ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner