មេដឹកនាំជប៉ុន-កូរ៉េខាងត្បូងជួបគ្នាដោយផ្ទាល់លើកដំបូង អំឡុងចូលរួម កិច្ចប្រជុំកំពូលណាតូ
ម៉ាឌ្រីដ៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតី កូរ៉េខាងត្បូងលោក យ៉ូន សុកយ៉ុល បានជួបជាមួយ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា ដែលនេះគឺជាជំនួបទល់មុខ គ្នាលើកដំបូងរបស់មេដឹកនាំទាំងពីរ ចាប់តាំងពីលោក យ៉ូន ចូលកាន់ តំណែង កាលពីខែមុន។ បច្ចុប្បន្នមេដឹកនាំទាំងពីរកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។
បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានពណ៌នាថា លោក គីស៊ីដា និងលោក យ៉ូន បានកិច្ចពិភាក្សាគ្នារយៈពេលបី ឬបួននាទី នៅក្នុង ពិធី ជប់លៀងមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ហើយថា លោក គីស៊ីដា បានចាប់ផ្តើមការសន្ទនាដោយអបអរសាទរលោក យ៉ូន ក្នុងការចូលកាន់តំណែងរបស់គាត់ និងការឈ្នះរបស់គណបក្សកាន់ អំណាចនៅក្នុងការបោះឆ្នោតក្នុងស្រុកកាលពីដើមខែនេះ។
លោក យ៉ូន តាមសេចក្តីរាយការណ៍បានប្រាប់លោក គីស៊ីដា ថា កូរ៉េខាងត្បូងកំពុង ទន្ទឹងរង់ចាំការដោះស្រាយបញ្ហាដែលលេចធ្លោរវាងប្រទេសទាំងពីរអោយបានឆាប់រហ័សលោកថាកូរ៉េខាងត្បូងកំពុងទន្ទឹងរង់ចាំឆ្ពោះទៅមុខក្នុង “លក្ខណៈតម្រង់ទិសនាពេលអនាគត” បន្ទាប់ពីការបោះឆ្នោតសភា ជាន់ ខ្ពស់ របស់ប្រទេសជប៉ុនក្នុងខែកក្កដា។
ជាមួយគ្នានេះ លោក គីស៊ីដា បាននិយាយថា ជប៉ុនបានកត់សម្គាល់ ពីការ ខិតខំប្រឹងប្រែងរបស់លោក យ៉ូន ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកថា ជប៉ុន-កូរ៉េខាងត្បូងគួរ ធ្វើការជាមួយគ្នាដើម្បីអភិវឌ្ឍទំនាក់ទំនងដែលមានសុខភាពល្អ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា