នាយករដ្ឋមន្រ្តីអង់គ្លេស-ជប៉ុនព្រមព្រៀងគ្នាឆ្ពោះទៅកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិទ្វេភាគី
ម៉ាឌ្រីដ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា និងសមភាគី អង់គ្លេស លោក បូរីស ចនសុន បានឯកភាពគ្នាឆ្ពោះទៅមុខយ៉ាង ឆាប់រហ័សជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិទ្វេភាគី។ មេដឹកនាំទាំងពីរបានជួបគ្នាប្រហែលកន្លះម៉ោងនៅថ្ងៃអង្គារសប្តាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំកំពូលប្រទេស G7 នៅប្រទេសអាល្លឺម៉ង់។
នាឱកាសនោះដែរ ពួកលោកបានព្រមព្រៀងគ្នាក្នុងការជំរុញ ការងារ ឆ្ពោះទៅមុខ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងជប៉ុន-អង់គ្លេស ដែលនឹងកំណត់ពីរបៀបរៀបចំសមយុទ្ធរួមគ្នារវាងកងកម្លាំងស្វ័យការពាររបស់ជប៉ុន និងយោធាអង់គ្លេស។ បន្ថែមលើនេះ លោក គីស៊ីដា និង លោក ចនសុន ក៏បានយល់ព្រមក្នុងការពន្លឿនកិច្ចពិភាក្សាស្តីពី កិច្ច សហប្រតិបត្តិការរបស់អង់គ្លេស ក្នុងការអភិវឌ្ឍ យន្តហោះចម្បាំង ជំនាន់ ក្រោយ សម្រាប់កងកម្លាំងស្វ័យការពារដែនអាកាសរបស់ជប៉ុនផងដែរ។
ទន្ទឹមគ្នា មេដឹកនាំទាំងពីរក៏បានបញ្ជាក់ផងដែរថា ប្រទេស G7 នឹង ធ្វើការរួម គ្នាដើម្បីដោះស្រាយបញ្ហាក្នុងវិស័យស្បៀងអាហារនិងថាមពល ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនហើយថាប្រទេសទាំងពីរ នឹង គាំទ្រប្រទេសដែលរងផលប៉ះពាល់។ លោក ចនសុន បានសង្កត់ធ្ងន់ថារាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពដោយប្រើកម្លាំងបាយនឹងមិនត្រូវបានអត់ឱនឡើយ៕
ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា