នាយករដ្ឋមន្រ្តីអង់គ្លេសចំអកដាក់លោក ពូទីន ថា គាត់នឹងមិនចេញ បញ្ជា ឱ្យឈ្លានពានអ៊ុយក្រែនទេ ប្រសិនបើគាត់ជាមនុស្សស្រី
ម៉ាឌ្រីដ៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានថ្លែងបែប ចំអក ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងមិនចេញបញ្ជាឱ្យ ធ្វើការ ឈ្លានពានប្រទេសអ៊ុយក្រែនទេ ប្រសិនបើគាត់ជាមនុស្សស្រី។
លោក ចនសុន បានបញ្ជាក់យ៉ាងដូច្នេះថា ការលុកលុយ “ឆ្កួត ឆ្កួត” គឺជា “គំរូដ៏ល្អឥតខ្ចោះនៃភាពជាបុរសដែលមានជាតិពុល” ហើយលោកបាន អំពាវនាវឱ្យមាន “ស្ត្រីកាន់តែច្រើននៅក្នុងមុខតំណែងដ៏មាន ឥទ្ធិពលនេះ”។
ការអត្ថាធិប្បាយបែបនេះរបស់លោក ចនសុនធ្វើឡើងមុនកិច្ចប្រជុំកំពូល អង្គការណាតូ ជាទីដែលសម្ព័ន្ធមិត្តប្លុកយោធានេះ នឹងពិភាក្សាអំពីរបៀប ឆ្លើយតបទៅនឹងការគំរាមកំហែងនាពេលអនាគត។
នៅឯកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនេះ លោក ចនសុន គ្រោងនឹងធ្វើការអំពាវនាវដល់សមាជិករបស់ណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ។
គួរបញ្ជាក់ថា សមាជិកអង្គការណាតូទាំងអស់បានប្តេជ្ញាចំណាយ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ពួកគេទៅលើវិស័យការពារជាតិ ប៉ុន្តែនៅឆ្នាំ ២០២១ គោលដៅនេះ ត្រូវបានសម្រេច ឬអាចធ្វើលើសនេះ គឺមានត្រឹមតែ ៨ប្រទេសប៉ុណ្ណោះ ក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ៕
ប្រភព៖ BBC ប្រែសម្រួល៖ ទីណា និងបុត្រា