អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ
ភ្នំពេញ ៖ ទិវាសុវត្ថិភាពស្បៀងអាហារពិភពលោក ក្រោមប្រធានបទ “អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែប្រសើរ” ត្រូវបានរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ឋ ព្រមទាំងលោក លោកស្រី តំណាងអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន សហគមន៍ អ្នកសារព័ត៌មាន និងយុវជនជាច្រើនរូបទៀត។
ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយដៃគូអភិវឌ្ឍន៏ រៀបចំប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាសុវត្ថិភាពស្បៀងអាហារ និងពង្រឹងកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាពស្បៀងអាហារ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជា ព្រោះវាគឺជាសសរស្តម្ភនៃសុខភាពសាធារណៈ វិបុលភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ធនធានមនុស្សជាដើម ។
ជាមួយនោះ លោកស្រី រេបេកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ លោកស្រី រ៉េបេកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិប្រចាំកម្ពុជា, លោកស្រីវេជ្ជបណ្ឌិត អាស្ស៊ីណា កាឡាក់ឌីណា ប្រធានក្រុមកម្មវីធីគ្រោះអាសន្នសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានយល់ស្របគ្នាថា អាហារគ្មានសុវត្ថិភាព និងកង្វះមីក្រូសារធាតុ ជាមូលហេតុបណ្តាលឲ្យមានជម្ងឺជាច្រើន និងប៉ះពាល់ដល់ការលូតលាស់នៃរាង្គកាយ ប្រាជ្ញាស្មារតី ព្រមទាំងជម្ងឺផ្លូវចិត្តជាដើម។
ជារៀងរាល់ឆ្នាំ មនុស្សប្រមាណ ៦០០លាននាក់ បានធ្លាក់ខ្លួនឈឺ ដោយសារពុលអាហារ និងឆ្លងរោគប្រមាណ ២០០ប្រភេទ និងធ្វើឲ្យមនុស្សស្លាប់ប្រមាណ៤២០លាននាក់ បើទោះបីជម្ងឺទាំងនេះ អាចបង្ការបានក៏ដោយ ហើយវាច្រើនកើតទៅលើជនក្រីក្រ និងកុមារ។ ដូច្នេះហើយ យើងទាំងអស់គ្នា ទាំងរដ្ឋាភិបាល សង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៏ ម្ចាស់ជំនួយ វិស័យឯកជន និងប្រជាពលរដ្ឋ ត្រូវធ្វើការរួមគ្នាអនុវត្តច្បាប់ស្តីពីសុវត្ថិភាពស្បៀងអាហារ ដើម្បីសុខភាព និងវិបុលភាពនៃមនុស្សជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា អាហារដែលមានសុវត្ថិភាព មានសារៈសំខាន់ខ្លាំងណាស់ចំពោះសុខភាព។ អាហារគ្មានសុវត្ថិភាព បង្កការគំរាមកំហែងដល់សុខភាព និងធ្វើឱ្យមានគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ក្នុងនោះយើងឃើញថា ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ និងបានបង្កើតជាវដ្តដ៏កាចសាហាវនៃបញ្ហាកង្វះអាហារូបត្ថម្ភ គំរាមកំហែងដល់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
ឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាយល់ឃើញថា ការប្រារព្ធទិវាសុវត្ថិភាពស្បៀងអាហារពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “អាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ” នេះគឺជាព្រឹត្តិការណ៍ដ៏មានតម្លៃមួយ ដើម្បីអប់រំដល់មនុស្សគ្រប់រូប ឱ្យរួមគ្នាគិត ថាតើត្រូវធ្វើដូម្តេចដើម្បីធានានិរន្តរភាពនៃប្រភពស្បៀង ការទទួលខុសត្រូវលើការប្រើប្រាស់ និងចែកចាយស្បៀង ។ល។
ក្នុងឱកាសនោះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យគ្រប់ ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តកិច្ចសហការជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ដើម្បីយើងរួមគ្នាលើកកម្ពស់សុវត្ថិភាពស្បៀងអាហារ ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសគោលដៅទី២ គឺ “បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព” នៅកម្ពុជា ៕ ប្រភព ៖ គណៈរដ្ឋមន្រ្តី ដោយ ៖ ជា សេឌី