សម្តេចតេជោ ហ៊ុន សែន ស្នើសុំអតីតឯកអគ្គរដ្ឋទូតជប៉ុន ជួយដល់កម្ពុជាលើវិស័យកីឡា យូដូ ដើម្បីធ្វើឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្កេមខាងមុខ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើសុំអតីតឯកអគ្គរដ្ឋទូត ជប៉ុន ឯកឧត្តម ហ្គូតារ៉ូ អូហ្គាវ៉ា(Gotaro OGAWA )ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡាស៊ីហ្កេម ឆ្នាំ២០២៣ ខាងមុខ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
សម្ដេចតេជោស្នើដូច្នេះ ខណៈឯកឧត្តម ហ្គោតារ៉ូ អូហ្កាវ៉ា អតីតឯកអគ្គរដ្ឋជប៉ុន ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព ព្រឹកថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២។
បើតាមឯកឧត្តម អ៊ាង សុផ្លែត ជំនួយការសម្តេចតេជោ បានឲ្យដឹងថា ឯកឧត្តម Gotaro OGAWA បានគោរពជំរាបជូនសម្តេចតេជោថា បើទោះបីជាឯកឧត្តម បញ្ចប់បេសកកម្មការទូត និងចាកចេញពីប្រទេសកម្ពុជា ក៏ពិតមែន ប៉ុន្តែបេះដូងរបស់ឯកឧត្តម នៅតែស្ថិតនៅជាមួយកម្ពុជាជានិច្ច ជាអាទិ៍នៅពេលនេះ ឯកឧត្តមកំពុងតែចូលរួមចំណែកជួយដល់កម្ពុជា លើវិស័យមួយចំនួន ទី១-ជួយដល់និស្សិតកម្ពុជា លើវិស័យអប់រំ តាមរយៈការបណ្តុះបណ្តាលផ្នែកភាសា ផ្នែកស្រាវជ្រាវ និងផ្នែកវប្បធម៌, ទី២-ផ្នែកច្បាប់, ទី៣- លើវិស័យកីឡាយូដូ ដែលនឹងជួយកម្ពុជា សំរាប់ចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ ឯកឧត្ដម Gotaro OGAWA ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការពង្រឹងពង្រីក ទំនាក់ទំនងនៃប្រទេសទាំងពីរផង និងការអភិវឌ្ឍប្រទេសកម្ពុជាផង ហើយនៅពេលនេះ បន្តជួយដល់កម្ពុជា ។
សម្តេចតេជោ បានស្នើសុំ ឯកឧត្តម Gotaro OGAWA ជួយដល់កម្ពុជាលើវិស័យកីឡាយូដូ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ សំរាប់ប្រកួតកីឡាយូដូ ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្កេម ខាងមុខ ៕
ដោយ វណ្ណលុក