ប្រេសិតពិសេសនៃប្រធានអាស៊ាន និងតំណាងពាក់ព័ន្ធ ចូលរួមក្នុងពិធី ប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិន ជូនដល់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់ក្រសួង ការបរទេស ដែលទទួលបាននៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា៖ នៅថ្ងៃទី៣០ ខែមិថុនា នៅក្រោមផ្នែកមួយនៃការអនុវត្ត កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដែលបានអនុម័ត ក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រេសិតពិសេសនៃប្រធានអាស៊ាន និងឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងនាមជាតំណាងរបស់ ឯកឧត្តម ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអ្នកសម្របសម្រួលជំនួយមនុស្សធម៌ របស់អាស៊ាន (SG-AHAC) ព្រមទាំងឯកឧត្តម ឆិន ហៃ ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំមីយ៉ាន់ម៉ា បានចូលរួមក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន ជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន ។
វ៉ាក់សាំងចំនួនពីរលានដូស នឹងត្រូវចាក់ជូនប្រជាជនក្នុងប្រទេស មីយ៉ាន់ម៉ា ជាពិសេស នៅតំបន់ដែលពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នារបស់ក្រសួងសុខាភិបាល និងដៃគូ ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ព្រមទាំងត្រូវបាន អនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ។
សេចក្តីលម្អិតនៃការផ្តល់ និងការគ្រប់គ្រងវ៉ាក់សាំងនេះនឹង ត្រូវបាន កំណត់ នៅពេលក្រោយ ដោយមជ្ឈមណ្ឌលសម្របសម្រួល អាស៊ាន សម្រាប់ជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) លេខាធិការដ្ឋានអាស៊ាន ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា រដ្ឋាភិបាលចិន និងដៃគូពាក់ព័ន្ធ ដោយគ្មានភាពលំអៀង ព្រមជាមួយ នឹងគោលបំណងតែមួយគត់គឺ «មិនទុកនរណាម្នាក់នៅ មីយ៉ាន់ម៉ាចោល នោះទេ»។
នៅក្នុងពិធីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា ជំនួយ មនុស្សធម៌មិនគួរត្រូវបានលាបពណ៌អ្វីឡើយ។ ភាគីពាក់ព័ន្ធ ទាំងអស់ រួមទាំងដៃគូខាងក្រៅ គួរតែទុកមួយឡែកនូវការខ្វែងគំនិត ផ្នែក នយោបាយ ហើយប្រមូលផ្តុំគ្នានៅក្រោមឆ័ត្រមនុស្សធម៌ ដើម្បីកែលម្អ ស្ថានភាពជាក់ស្តែងបន្តិចម្តងៗ។ មិនថាផ្នែកណាមួយនៃប្រទេស មីយ៉ាន់ម៉ានោះទេ គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ហើយអ្វីដែល សំខាន់បំផុតជាងគេនោះគឺថា ត្រូវតែបោះជំហានដំបូងទៅមុខ។
ពិធីប្រគល់ជំនួយជាវ៉ាក់សាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួម របស់អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយមានការគាំទ្រពីដៃគូសន្ទនា ដូចជាប្រទេសចិន និងដៃគូខាងក្រៅ ដទៃទៀត ដើម្បីលើកកម្ពស់មជ្ឈភាពរបស់អាស៊ានក្នុងការ ដោះស្រាយបញ្ហាដែលជាកង្វល់រួមនៅក្នុងតំបន់៕
ដោយ៖ សួង ពិសិដ្ឋ