សម្តេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលសិស្ស នគរបាលជាតិនៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយ នគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋម វិជ្ជាជីវៈនគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលា នគរបាលជាតិ ភូមិភាគ៣ មានប្រសាសន៍ថា វត្តមានសម្ដេចក្រឡាហោមនាឱកាសនេះ ជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់ សម្ដេច ចំពោះអង្គភាព បណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ព្រមទាំងផ្ដល់កិត្តិយស និងកម្លាំងចិត្តឱ្យខិតខំប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈកាន់តែខ្ពស់ក្នុងការបំពេញ ភារកិច្ចឱ្យសម្រេចបានជោគជ័យស្របតាមទស្សនៈដឹកនាំ កំណែទម្រង់ របស់សម្ដេច និងផែនការដែលបានកំណត់។

លោកឧត្តមសេនីយ៍ទោបន្តថាថ្មីៗនេះ តាមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម អភិបាលខេត្តព្រះសីហនុ បានជួយកសាងអគារ ស្នាក់នៅកម្ពស់ពីរជាន់ គិតជាប្រាក់ជាង៥០ម៉ឺនដុល្លារ។ ចំណែក អភិបាលខេត្តតាកែវ ជួយថវិកា២០ម៉ឺនដុល្លារលើតម្លៃសរុប ចំនួន៤៥ម៉ឺន ដុល្លារដើម្បីសាងសង់អគារសិក្សាកម្ពស់ពីរជាន់ខណៈអភិបាលខេត្តកំពង់ស្ពឺ ជួយសាងសង់ផ្លូវបេតុងប្រវែង១.៨៨០ម៉ែត្រ និងប្រព័ន្ធលូ ប្រវែង៥០០ ម៉ែត្រ គិតជាទឹកប្រាក់ប្រហែល៨០ម៉ឺនដុល្លារ។

លោកឧត្តមសេនីយ៍ទោ បន្តថាជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ក្រសួងបរិស្ថាន ក៏បានចូលរួមជួយសាងសង់ឡដុត សម្រាប់ខ្នាតមធ្យម ប្រើចន្តរអគ្គិសនីដើម្បីជួយរក្សាបរិស្ថានល្អ និងអនាម័យស្អាតផងដែរ។ លោកបន្តថាប្រសិនសមិទ្ធផលទាំងនេះសម្រេចបាន១០០ភាគរយនោះ ពិតជាបញ្ជាក់ច្បាស់ថាសាលានគរបាលជាតិភូមិភាគ៣ បាននិងកំពុង អភិវឌ្ឍន៍ សម្រេចបាន៦០ភាគរយហើយ ធៀបនឹងស្តង់ដារ គុណភាព អប្បមា និងប្លង់មេដែលបណ្ឌិត្យសភានគរបាលជាតិកម្ពុជាបានកំណត់។

លោកឧត្តមសេនីយ៍ទោ វៀក សុភាព ក៏បានឱ្យដឹងដែរថាសាលា នគរបាលជាតិភូមិភាគ៣ បានបណ្ដុះបណ្ដាលមន្រ្តី និងសិស្ស នគរបាលក្របខ័ណ្ឌថ្មីមកពីខេត្ត៦រួមមាន ខេត្តកំពង់ស្ពឺ ព្រះសីហនុ តាកែវ កំពត កែប និងកោះកុង សរុបចំនួន៦ ៦៣៧នាក់ នារីជិត ៥០០នាក់។ដោយឡែកឆ្នាំនេះ បាននិងកំពុងបណ្ដុះបណ្ដាលសិស្ស នគរបាលជំនាន់ទី១៥ លើកទី២ ចំនួន១៣៣នាក់ មកពីស្នងការដ្ឋាន នគរបាលខេត្តតាកែវ២០នាក់ និងខេត្តកោះកុង១១៣នាក់ ដែលបាន ប្រឡង ជាប់ក្របខ័ណ្ឌឆ្នាំ២០២២។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ ថា នេះជាលើកទី១ហើយ ដែល សម្ដេច បានអញ្ជើញមកដល់សាលា នគរបាល ជាតិភូមិភាគ៣នេះ។ សម្ដេចក៏បានរម្លឹកថាកន្លងមក ទីតាំងសាលានេះ ជាអតីតទីតាំងផលិតគ្រឿងញៀនដ៏ធំមួយដែល សមត្ថកិច្ចបង្ក្រាបបាន ហើយត្រូវបានតុលាការកំពូលសម្រេចប្រគល់ដី នេះមកឱ្យក្រសួងមហាផ្ទៃ ទើបក្រសួងរៀបចំទីនេះជាសាលា បណ្ដុះបណ្ដាល នគរបាលភូមិភាគ៣តែម្ដង។

សម្ដេចបានណែនាំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រៀបចំចុះ បញ្ជីដីធ្លីទីតាំងនេះ ក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋឱ្យបានឆាប់និងជាបន្ទាន់ ដើម្បីធានាការពារផលប្រយោជន៍សាធារណៈ និងបន្តថា បើទោះបីជាទី តាំងនេះដីនៅទំនេរច្រើនមែន ប៉ុន្តែក៏មានការងារច្រើនត្រូវធ្វើលើទីតាំង ទាំងនោះដែរ ក្នុងនោះសម្ដេច បានផ្ដួចផ្ដើមឱ្យរៀបចំទីតាំងចិញ្ចឹមសត្វ ដូចជាគោនិងពពែជាដើម ហើយសាលាត្រូវសហការជាមួយមន្រ្តីជំនាញ កសិកម្ម ដោយសម្ដេចនឹងផ្ដល់ពូជឱ្យសាលារៀបចំចិញ្ចឹម។

ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៣នេះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធ នឹង ភូមិភាគ ៣នេះ ដែលបានរួមកម្លាំងសាមគ្គីគ្នារំលែកថវិកាមក ចូលរួមកសាង ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដូចដែលលោកឧត្តមសេនីយ៍ទោ វៀក សុភាព បានរាយការណ៍។ សម្ដេចចាត់ទុកថានេះជាការ រួមចំណែកដ៏ មានសារៈសំខាន់ ពិសេសក្នុងពេលរដ្ឋកំពុងសន្សំការចំណាយ ក្នុង ស្ថានភាពកូវីដ-១៩។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកការងារបណ្ឌិត្យសភានគរបាលកម្ពុជា រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលខិតខំរួមគ្នាធ្វើឱ្យសម្រេចគោលបំណងមួយដែលសម្ដេចគូសបញ្ជាក់ថា«ធ្វើឱ្យនគរបាលយើងទៅជានគរបាលរបស់ប្រជាពលរដ្ឋ កុំឱ្យពលរដ្ឋខ្លាចនគរបាល កែប្រែឱ្យប្រជាពលរដ្ឋមានវប្បធម៌ស្រលាញ់ចូលចិត្ត និងជឿជាក់លើនគរបាលដែលជាអ្នកបំរើគាត់ ហើយនគរបាលក៏ចាត់ទុកពលរដ្ឋជាចៅហ្វាយដែលត្រូវបំរើសេវាជូន»។

ពាក់ព័ន្ធនឹងតួនាទីរបស់នគរបាលជាតិ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា«នគរបាលជាតិជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីក្រោមដល់លើ ហើយមិនមែនតែកម្ពុជាទេ ប្រទេសណាក៏ដូចគ្នា»៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner