មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន លើកទឹកចិត្តឲ្យផលិតករភាពយន្ត បង្កើតស្នាដៃ ជំរុញទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី
ភ្នំពេញ៖ ការផ្សព្វផ្សាយរូបថតវីដេអូភាពយន្ត និងឯកសារផ្សព្វផ្សាយទាក់ទងនឹងសម្រស់ធម្មជាតិ ដ៏ត្រកាល នៃមាតុភូមិកម្ពុជា តាមរយៈកញ្ចក់កាំមេរ៉ានៃអ្នកថតរូប និងស្នាដៃរបស់ផលិតករភាពយន្ត បានចូលរួមចំណែកសំខាន់ដល់ កម្មវិធីនយោបាយអភិវឌ្ឍន៍ «ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី» ជួយដល់កំណើនសដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋានផ្ទាល់។
នេះជាការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធកម្មវិធី«ជុំវិញទន្លេមេគង្គ» (Mekong Discovery Day) និងពិធីប្រគល់រង្វាន់ «Beautiful Planet»ក្នុងមហោស្រពភាពយន្ត អន្តរជាតិ កម្ពុជា លើកទី១១ ដែលបានរៀបចំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ខែមិថុនាឆ្នាំ២០២២នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះឯកឧត្តម ខ្វៃ អាទិត្យា បានជំរុញបន្ថែមទៀតដល់ ផលិតករភាពយន្ត និងអ្នកស្រឡាញ់វិស័យភាពយន្ត និងបរិស្ថាន បន្តបង្កើតស្នាដៃថ្មីៗ និងច្រើនថែមទៀត ជាពិសេសការចែកផ្សាយ តាមបណ្តាញសង្គមនូវរូបថត វីដេអូ ភាពយន្តខ្លី ឬភាពយន្តឯកសារ បង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ជាពិសេសធម្មជាតិនៅ តាមដងទន្លេមេគង្គនិងតំបន់ដីសើមនៅកម្ពុជាបានរួមចំណែកជួយឱ្យប្រជាពលរដ្ឋកាន់តែច្រើនបានស្គាល់និងស្រឡាញ់បរិស្ថាននិងចូលរួមថែរក្សាសម្បត្តិធម្មជាតិឲ្យល្អនិងគង់វង់សម្រាប់ការរស់នៅដោយចីរភាពផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ការរកឃើញជាក់ស្តែង វត្តមានសត្វព្រៃកម្រ និងជិតផុតពូជកម្ពុជា ជាពិសេសការរកឃើញ ត្រីបបែលយក្សនៅតាមដងទន្លេមេគង្គកម្ពុជា ហើយបានបំបែកបញ្ជី ឯកត្តកម្មពិភពលោកថែមទៀតនោះគឺជានិន្នាការវិជ្ជមានកើតឡើងខ្លាំងក្នុងការគ្រប់គ្រងបរិស្ថាននៅក្នុងប្រទេស ហើយក៏អាស្រ័យដោយ កត្តាសុខ សន្តិភាព និងស្ថិរភាពនយោបាយពេញលេញ នៅទូទាំងប្រទេស កំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់ និងជីវភាពប្រសើរឡើងជា លំដាប់នៃប្រជាពលរដ្ឋទូទៅ ហើយជាពសេសទៀតនោះប្រជាពលរដ្ឋ មានការយល់ដឹងខ្ពស់ចំពោះបរិស្ថាន និងចូលរួមចំណែកក្នុង ការអភិរក្សបរិស្ថានកាន់តែប្រសើរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាន និងកំពុងខិតខំអនុវត្តភារកិច្ច របស់ខ្លួន ដោយដៃម្ខាងផ្តោតលើការគ្រប់គ្រង អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ដែលមានសារៈសំខាន់ចាំបាច់ជាសារវន្តក្នុងការធានា ដល់និរន្តរភាពបរិស្ថាន និងគាំទ្រដល់សន្តិសុខស្បៀង សេដ្ឋកិច្ច សង្គម និងសុខភាពសាធារណៈ តាមរយៈមុខងារ និងតួនាទីសេវាកម្មប្រព័ន្ធ អេកូឡូស៊ី ហើយដៃម្ខាងទៀតផ្តោតលើការជួយដល់ការអភិវឌ្ឍ សហគមន៍តំបន់ការពារធម្មជាតិ ដែលជាឆ្អឹងខ្នងមួយដ៏ សំខាន់ជា យុទ្ធសាស្ត្រសម្រាប់ការពារ អភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍ សេដ្ឋកិច្ចមូលដ្ឋាននៅតំបន់ការពារធម្មជាតិ។
បច្ចុប្បន្ន ក្រសួងបរិស្ថាន កំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ចំនួន៧៤ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ លើផ្ទៃសរុប ៧,៣លានហិកតា ស្មើនឹង៤១ភាគរយនៃផ្ទៃដីប្រទេសនិងបានសម្របសម្រួលបង្កើតសហគមន៍តំបន់ការពារធ្មជាតិបាន១៨២ ទីតាំង និងមានសហគមន៍ខ្លះ មានសក្តានុពលទេសចរណ៍ធម្មជាតិ ក៏កំពុងទទួលបានចំណូល ពីការផ្តល់សេវាកម្មទេសចរណ៍ សម្រាប់ការអភិវឌ្ឍន៍ជីវភាពសហគមន៍ ថែមទៀត៕ដោយ ៖ រិន រចនា