រុស្ស៊ីគំរាមសងសឹក ជុំវិញការហាមដឹកទំនិញតាមកោះនៅអាកទិករបស់ន័រវេស
រុស្ស៊ីចោទប្រកាន់ន័រវេសពីបទរារាំងទំនិញដែលផ្គត់ផ្គង់សម្រាប់ប្រជាជនរុស្ស៊ីនៅលើប្រជុំកោះSvalbardនៅមហាសមុទ្រអាកទិក ហើយគំរាមចេញ «វិធានការសងសឹក» មិនបញ្ជាក់ច្បាស់លាស់ លុះត្រាំតែរដ្ឋាភិបាលក្រុងអូស្លូដោះស្រាយបញ្ហានេះ។
ប្រជុំកោះSvalbard ដែលស្ថិតនៅចំកណ្តាលរវាងឆ្នេរភាគខាងជើងរបស់ន័រវេសនិងប៉ូលខាងជើង គឺជាផ្នែកមួយនៃប្រទេសន័រវេសប៉ុន្តែប្រទេសរុស្ស៊ីមានសិទ្ធិក្នុងការទាញយកធនធានធម្មជាតិលើប្រជុំកោះក្រោមសន្ធិសញ្ញាឆ្នាំ១៩២០ហើយប្រជាជនដែលតាំងទីលំនៅនៅទីនោះភាគច្រើនជាជនជាតិរុស្ស៊ី។
ប្រទេសន័រវេស ដែលមិនមែនជាសហភាពអឺរ៉ុប ប៉ុន្តែចូលរួមអនុវត្តទណ្ឌកម្មជាមួយប្លុកក្នុងការប្រឆាំងប្រឆាំងនឹងរុស្ស៊ី និយាយថា ទណ្ឌកម្មនឹងមិនប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញតាមកប៉ាល់ទៅកាន់កោះSvalbard នោះទេ។ ប៉ុន្តែការដឹកជញ្ជូនទំនិញភាគច្រើនទៅកោះត្រូវឆ្លងកាត់មុនគេតាមរយៈប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងប្រទេសន័រវេសដីគោក ដែលបិទទំនិញរុស្ស៊ីដែលជាប់ទណ្ឌកម្ម។
ក្រសួងការបរទេសរុស្ស៊ីនិយាយកាលពីថ្ងៃពុធថា៖ «យើងទាមទារឱ្យភាគីន័រវេសដោះស្រាយបញ្ហានេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។ក្រសួងថា៖ «យើងបានបង្ហាញថាសកម្មភាពអមិត្តប្រឆាំងនឹងរុស្ស៊ីនឹងជៀសមិនរួចពីវិធានការសងសឹកសមស្របនោះទេ»។
ក្រសួងនិយាយទៀតថា ការរឹតបន្តឹងរបស់ន័រវេសបានរំខានដល់ការងាររបស់អគ្គកុងស៊ុលរុស្ស៊ីនៅលើកោះ Spitsbergen ដែលជាកោះដ៏ធំបំផុតនៃប្រជុំកោះSvalbard និងជាកន្លែងជីកយករ៉ែធ្យូងថ្មរបស់រុស្ស៊ីនៅទីនោះ។ យោងតាមរុស្ស៊ីរថយន្តដឹកស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ដទៅកាន់កោះSpitsbergen បានជាប់គាំងនៅតាមព្រំដែន។
រដ្ឋមន្ត្រីការបរទេសន័រវែសអ្នកស្រីAnniken Huitfeldt ប្រាប់ទីភ្នាក់ងារសារព័ត៌មានAFP កាលពីថ្ងៃពុធថាន័រវេសមិនបំពានលើសន្ធិសញ្ញា ដោយការរារាំងទំនិញរបស់រុស្ស៊ីទៅកាន់កោះនោះទេ។អ្នកស្រីថា ការបញ្ឈប់ការដឹកជញ្ជូននៅព្រំដែនន័រវេស-រុស្ស៊ី«ឈរលើមូលដ្ឋាននៃទណ្ឌកម្មដែលហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវគោករុស្ស៊ីពីការដឹកជញ្ជូនទំនិញនៅលើទឹកដីន័រវេស»។
ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈមក រុស្ស៊ីរងការវាយប្រហារដោយការដាក់ទណ្ឌកម្មរឹតបន្តឹងការដឹកជញ្ជូនទំនិញរបស់ខ្លួនតាមរយៈអឺរ៉ុប។នៅដើមខែនេះលីទុយអានីចាប់ផ្តើមអនុវត្តការរឹតបន្តឹងលើទំនិញមួយចំនួនដែលដឹកជញ្ជូនតាមរថភ្លើងទៅកាន់តំបន់ដាច់ពីគេរបស់រុស្ស៊ី កាលីនីនក្រាដ។ រុស្ស៊ីនិយាយថា ការរឹតបន្តឹងលើទំនិញរបស់លីទុយអានី គឺជា«ការរារាំង»ហើយសន្យាថានឹងសងសឹកដោយមិនបានបញ្ជាក់ថាបែបណាដូចគ្នា។
ប្រភព៖ Aljazeera