សហរដ្ឋអាមេរិកនឹងបង្កើនវត្តមានយោធានៅអឺរ៉ុប ខណៈណាតូពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន សន្យាកាលពីថ្ងៃពុធថា អាមេរិកនឹងបន្ថែមទាហាន យន្តហោះចម្បាំង និងនាវាចម្បាំងទៅអឺរ៉ុប ខណៈអង្គការណាតូយល់ព្រមលើការពង្រឹងការទប់ទល់ដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមត្រជាក់ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ការប្តេជ្ញាចិត្តរបស់លោក បៃដិន នៅកិច្ចប្រជុំកំពូលនាទីក្រុងម៉ាដ្រីដ«ដើម្បីការពារគ្រប់អ៊ីញនៃទឹកដីសម្ព័ន្ធមិត្ត» ធ្វើឡើងខណៈដែលសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកដាក់ចេញនូវផែនការថ្មីមួយដើម្បីពង្រឹងរដ្ឋបាល់ទិក និងប៉ូឡូញប្រឆាំងនឹងការវាយប្រហារណាមួយរបស់រុស្ស៊ីនាពេលអនាគត។
ស្របពេលដែលកងទ័ពអាល្លឺម៉ង់ អង់គ្លេស និងសម្ព័ន្ធមិត្តមានកាន់តែច្រើននឹងដាក់ពង្រាយឆ្ពោះទៅភាគខាងកើត សហរដ្ឋអាមេរិកក៏នឹងបន្ថែមកងកម្លាំងរហូតដល់ ១០០ ០០០នាក់នៅទ្វីបអឺរ៉ុបបញ្ជូននាវាចម្បាំងបន្ថែមទៅអេស្ប៉ាញ យន្តហោះទៅអង់គ្លេសសព្វាវុធផ្សេងៗទៅបណ្ដាប្រទេសបាល់ទិក និងទាហានខ្លះទៅរ៉ូម៉ានី។ លោកបៃដិន និយាយថា៖«យើងនិយាយមែនពេលយើងនិយាយថាការវាយប្រហារប្រឆាំងនឹងអ្នកណាមួយគឺជាការវាយប្រហារប្រឆាំងទាំងអស់»។
អ្វីដែលអង្គការណាតូព្រមព្រៀងកាលពីថ្ងៃពុធគឺថាកងទ័ពសម្ព័ន្ធមិត្តនឹងមានកាន់តែច្រើននៅអេស្តូនី ឡាតវី និងលីទុយអានីហើយគ្រឿងសព្វាវុធ និងគ្រឿងផ្ទុះបន្ថែមទៀតនឹងត្រូវបញ្ជូនទៅកាន់តំបន់ និងបង្កើតប្រព័ន្ធនៃការពង្រឹងយ៉ាងឆាប់រហ័ស។
មេដឹកនាំណាតូបានយល់ព្រមឆ្ពោះទៅរកការពង្រាយកម្លាំងទ័ពប្រុងជើងការខ្ពស់ជាង៣០០ ០០០ នាក់ ខណៈពីមុន សម្ព័ន្ធភាពយោធានេះពឹងផ្អែកលើកងទ័ពតែប្រហែល៤០ ០០០ នាក់ប៉ុណ្ណេះដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយរបស់រុស្ស៊ី ឬវិបត្តិផ្សេងៗ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «សង្រ្គាមរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ប្រឆាំងនឹងអ៊ុយក្រែន បានបំផ្លាញសន្តិភាពនៅអឺរ៉ុប និងបង្កើតវិបត្តិសន្តិសុខដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២។ ណាតូបានឆ្លើយតបដោយកម្លាំង និងការឯកភាព»។
ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកក៏នឹងបង្កើតទីបញ្ជាការកងទ័ពអចិន្ត្រៃយ៍ថ្មីមួយនៅប៉ូឡូញផងដែរ ខណៈដែលក្រុងវ៉ាសូវីចង់បានការបែបនេះយូរហើយ។
ក្រៅពីការបង្កើនសមត្ថភាពយោធា មេដឹកនាំទាំង៣០របស់ណាតូ ក៏អញ្ជើញហ្វាំងឡង់ និងស៊ុយអែតឱ្យចូលជាសមាជិកសម្ព័ន្ធភាពខណៈតួកគីទម្លាក់ចោលនូវវេតូរបស់ខ្លួនប្រឆាំងនឹងសមាជិកភាពរបស់ប្រទេសទាំង២ តាមរយៈកិច្ចព្រមព្រៀងមួយដែលស៊ុយអែត និងហ្វាំងឡង់យល់ព្រមមិនគាំទ្រក្រុមសកម្មប្រយុទ្ធឃឺដ។
ឆ្លើយតបនឹងការប្រកាសថ្មីលោក ពូទីន កាលពីថ្ងៃពុធបានថ្កោលទោសចំពោះ«មហិច្ឆតាចក្រពត្តិ» របស់ណាតូ ដោយចោទប្រកាន់សម្ព័ន្ធមិត្តយោធានេះថាកំពុងស្វែងរក «ឧត្តមភាព» របស់ខ្លួនតាមរយៈជម្លោះអ៊ុយក្រែន។មេដឹកនាំរុស្ស៊ីថា លោកនឹងឆ្លើយតបក្នុងរូបភាពដូចគ្នា ប្រសិនបើណាតូដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធនៅហ្វាំងឡង់ និងស៊ុយអែតនៅពេលប្រទេសណរឌិកទាំង២ក្លាយជាសមាជិក។
ប្រភព៖ Reuters