រដ្ឋមន្ត្រីក្រសួងការងារ គូសបញ្ជាក់ថា កម្មវិធី DEYពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (កម្មវិធី DEY) និងលោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងជាអ្នកសម្របសម្រួលបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដោយមានការចូលរួមពី តំណាងជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា រួមនឹងភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO, ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC), តំណាងនិយោជក និងតំណាងយុវជន ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងការងារ ។
កិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៣៖ ១,ពិនិត្យ និងអនុម័តលើសំណើការកំណត់អាទិភាពឡើងវិញរបស់កម្មវិធី DEY ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ២, ពិនិត្យ និងអនុម័តលើផែនការយុទ្ធសាស្ត្រទំនាក់ទំនងរបស់កម្មវិធី DEY និង ៣, ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធី ដែលជាដំណាក់កាលទី៣។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ដើម្បីគាំទ្រដល់ការឆ្លើយតប និងការស្តារឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ កម្មវិធី DEY ដំណាក់កាលទី២ បន្តផ្តោតលើ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជំនាញធុរកិច្ច និងមុខរបរ ការងារ និងការស្តារឡើងវិញនូវសមត្ថភាពរបស់យុវជនដែលរងផលប៉ះពាល់ដោយការរាលត្បាតនេះ រួមទាំងអ្នកដែលត្រូវបានព្យួរ ឬបញ្ឈប់ពីការងារ ក៏ដូចជាពលករទេសន្តរប្រវេសន៍ដែលវិលត្រឡប់មកមាតុភូមិវិញ។
ឯកឧត្តមបណ្ឌិត បន្តទៀតថា ការអនុវត្តកម្មវិធី DEY ដំណាក់ទី២នេះ និងដំណាក់កាលបន្តបន្ទាប់ នឹងចូលរួមចំណែកដ៏សំខាន់ ក្នុងការសម្រេចបានគោលដៅរបស់កម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍដោយចរីភាព (SDG) ជាពិសេសគោលដៅទី៨។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា៖ “ជាការពិតណាស់ ខ្ញុំចង់ឃើញវត្ដមានកម្មវិធី DEY ដំណាក់កាលទី៣ ព្រោះខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្មវិធី DEY ពិតជាឆ្លើយតប និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពរបស់ប្រទេសកម្ពុជាបន្ថែមទៀត”។
លោក សាដា អ៊ូម៉ា អាឡាម បានលើកឡើងដូច្នេះថា៖ “យើងបានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំចុងក្រោយកាលពីខែកុម្ភៈ ឆ្នាំ២០២២ ថាយើងត្រូវកំណត់អាទិភាពឡើងវិញលើសកម្មភាពអន្តរាគមន៍ ចំណុច ការងារដែលរួមចំណែកដោយផ្ទាល់ដល់ការសម្រេចបាននូវគោលដៅចុងក្រោយ និងលទ្ធផលរំពឹងទុកជារួមរបស់កម្មវិធី ដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ននៃការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គម រួមទាំងទំនាក់ទំនងនឹងតម្រូវការទីផ្សារការងារក្រោយសម័យកូវីដ-១៩ ដើម្បីអនុញ្ញាតឱ្យមានការអនុវត្តផែនការទៅតាមអ្វីដែលយើងបានគ្រោងទុក”។
ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៤ នៃគណៈប្រឹក្សាភិបាលនេះ សម្រេចបាន៖
- អនុម័តលើការកំណត់អាទិភាពឡើងវិញនៃកម្មវិធីដំណាក់កាលទី២
- អនុម័តផែនការយុទ្ធសាស្ត្រទំនាក់ទំនង
- ពិភាក្សាលើកដំបូងពីជំហានបន្ទាប់របស់កម្មវិធី ដែលជាដំណាក់កាលទី៣៕ ដោយ៖ក្រសួងការងារ