លោកជំទាវ ប៊ន សុភី នាំយកអំណោយសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងឧបត្ថម្ភបន្ទាន់ដល់ កុមារ ៣នាក់បងប្អូន ដែលឪពុកទៅកំដរម្ដាយកំពុងសង្គ្រោះបន្ទាន់ពេលសម្រាលកូននៅមន្ទីរពេទ្យកាល់ម្រែត្រ រាជធានីភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី ៣០ខែ មិថុនា ឆ្នាំ២០២២ បាននាំយកអំណោយកាកបាទក្រហមទៅប្រគល់ជូនដល់លំនៅដ្ឋានកុមារ ៣នាក់បងប្អូនរស់នៅដាច់ស្រយាលពីគេ ស្ថិតក្នុងភូមិផ្លូវគោ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលឳពុក ទុកនៅចាំផ្ទះផ្ញើអ្នកភូមិឲ្យជួយមើល ព្រោះឪពុកទៅកំដរម្ដាយកំពុងសង្គ្រោះបន្ទាន់ពេលសម្រាលកូន នៅមន្ទីរពេទ្យកាល់ម្រែត្រ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថាគ្រួសារខាងលើមាន ប្ដីឈ្មោះ ហ៊ី សារ៉ា ប្រពន្ធឈ្មោះ រ៉ាយ សារិន មានកូន ៣នាក់ និងមានជីវភាពក្រីក្រ រស់នៅភូមិឃុំខាងលើ ។ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ស្ត្រីឈ្មោះ រ៉ាយ សារិន ជាប្រពន្ធឈឺពោះ សម្រាលកូន ហើយបានទៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា មិនមានលទ្ធភាពបង្កើតកូនទេព្រោះតែចង្វាក់បេះដូងញាប់ពេក ទើបរៀបចំបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត រាជធានីភ្នំពេញ ដោយហេតុនេះហើយកុមារ ៣នាក់ ជាកូនត្រូវនៅចាំផ្ទះ និងខ្វះខាតស្បៀង
អាហារហូបចុក ។

ក្រោយពីទទួលបាននូវព័ត៌មានខាង
លើនេះនៅរសៀលថ្ងៃទី៣០ ខែមិថុនា លោកជំទាវ ប៊ន សុភី ព្រមទាំងសមាជិកសមាជិកាសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បាននាំអំណោយរបស់សាខាកាកបាទខេត្តទៅផ្ដល់ជូនកុមារទាំង៣ ដល់លំនៅដ្ឋាន ។

អំណោយរួមមាន អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ និងឃីត ១កញ្ចប់ ព្រមទាំងថវិកា ២០ម៉ឺនរៀល ។

ជាមួយគ្នានេះដែរក្រុមព័ត៌មានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងក៏បាននាំយកនូវអំណោយ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ទៅប្រគល់ជូនកុមារទាំង ៣ខាងលើផងដែរ ក្នុងនោះមានអង្ករ ២០គីឡូ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ម៉ាស់ ១ប្រអប់ និងថវិកា ១០ម៉ឺនរៀល ។ ឯកឧត្ដម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងក៏បានជួយឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនរៀលផងដែរ ។

ក្នុងឱកាសនោះដែរ លោក យាយ ធុច យ៉ាំ ដែលត្រូវជា ជីដូន កុមារទាំង៣ ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដមលោកជំទាវព្រមទាំងសប្បុរសជនដែលបានយកចិត្តទុកដាក់ជួយ ឧបត្ថម្ភដល់ចៅគាត់ដែលកំពុងជួបការលំបាកក្នុងការហូបចុកនៅពេលនេះ ៕
សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner