ប្រធានាធិបតីរុស្ស៊ី-ឥណ្ឌូណេស៊ី ពិភាក្សាគ្នាផ្តោតលើសង្គ្រាម អ៊ុយក្រែន និងការផ្គត់ផ្គង់ស្បៀងអាហារ

ម៉ូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងភ្ញៀវសមភាគីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន និងការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ ព្រមទាំងជី ចំពេលមានកង្វះខាតស្បៀងអាហារជាសកល ។

កំលុងសន្និសីទរួមមួយ បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅវិមានក្រឹមឡាំង លោក ពូទីន បានបញ្ជាក់ថា លោកបានជូនដំណឹងដល់លោក វីដូដូ ដោយលម្អិតអំពីស្ថានភាពនៅអ៊ុយក្រែន។ និយាយអំពីអតុល្យភាពនៅក្នុងទីផ្សារស្បៀងអាហារពិភពលោកវិញ លោក ពូទីន បានចាត់ទុកបញ្ហានេះថា ជាបញ្ហាច្រើនឆ្នាំមកហើយ នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចដែលមិនមានការទទួលខុសត្រូវនៅក្នុងប្រទេសលោកខាងលិចមួយចំនួន។

លោក ពូទីន បន្តថា រុស្ស៊ីបាននាំចេញគ្រាប់ធញ្ញជាតិច្រើនជាង ៤៣លានតោនកាលពីឆ្នាំមុន ដែលក្នុងនោះមានស្រូវសាលីចំនួន ៣៣លានតោន ហើយថា ការប្រមូលផលល្អដែលអាចកើតមាននៅឆ្នាំនេះ នឹងអនុញ្ញាតឱ្យរុស្ស៊ីលក់បានកាន់តែច្រើនថែមទៀត។ លោកបន្ថែមថា រុស្ស៊ីក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់បរិមាណជី និងសម្ភារៈផ្សេងទៀតឱ្យបានគ្រប់គ្រាន់ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងប្រទេសជាមិត្តដទៃទៀតផងដែរ។ បន្ថែមលើនេះ លោក ពូទីន បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការស្ដារឡើងវិញនូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានរំខានដោយការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

នាឱកាសនោះដែរ លោក វីដូដូ ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងកៀវ មុនពេលធ្វើដំណើរមកកាន់ទីក្រុងម៉ូស្គូ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់ការដោះស្រាយដោយសន្តិវិធីនៃវិបត្តិអ៊ុយក្រែន។ លោកថា ខ្ញុំបាននាំសារពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គីទៅកាន់សមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ហ្សេលេនស្គី ហើយបានបង្ហាញពីការត្រៀមខ្លួនរបស់ខ្ញុំក្នុងការបង្កើតទំនាក់ទំនងរវាងមេដឹកនាំទាំងពីរ។ ទន្ទឹមគ្នា លោក វីដូដូ បានកោតសរសើរដែលលោក ពូទីន បានសន្យារក្សាសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់ជីមិនត្រឹមតែពីប្រទេសរុស្ស៊ីប៉ុណ្ណោះទេ តែថែមទាំងមកពីអ៊ុយក្រែនផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner