អ្នកនាំពាក្យយោធាចិន ឆ្លើយតបទៅនឹងការបង្កហេតុ របស់យន្តហោះយោធាអូស្ត្រាលី និងកាណាដា
ប៉េកាំងអ្នកនាំពាក្យក្រសួងការពារជាតិចិននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានឆ្លើយតបទៅនឹងទង្វើបង្កហេតុរបស់យន្តហោះយោធាអូស្ត្រាលី និងកាណាដា ហើយបានព្រមានថា អ្នកដែលមិនបានអញ្ជើញ នឹងទទួលផលតបស្នងវិញ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក តាន់ កេហ្វៃ បានធ្វើការកត់ សម្គាល់បែបនេះដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់អូស្ត្រាលី និងកាណាដា ចំពោះអ្វីដែលហៅថា ការស្ទាក់ចាប់យន្តហោះយោធា របស់ពួកគេដោយយោធាចិន។ លោក តាន់ បាននិយាយថា ភាគីចិន មានភាពយុត្តិធម៌ក្នុងការចាត់វិធានការឆ្លើយតបដោយបង្ខំ និងបាន ដោះស្រាយស្ថានការណ៍ប្រកប ដោយសុវត្ថិភាព និងវិជ្ជាជីវៈ។
យន្តហោះយោធាអូស្ត្រាលីបានចូលដែនអាកាសនៅជិតប្រជុំកោះ ស៊ីសា (Xisha) របស់ប្រទេសចិនសម្រាប់ការឈ្លបយកការណ៍យ៉ាង កៀកហើយបន្តចូលទៅជិតដែនអាកាសនៃកោះ ស៊ីសា ដោយមិនយក ចិត្តទុកដាក់ចំពោះការព្រមានម្តងហើយម្តងទៀតរបស់ប្រទេសចិន។ យន្តហោះយោធាកាណាដាក៏បានបង្កើនការឈ្លបយកការណ៍យ៉ាងជិតស្និទ្ធផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់ប្រទេសចិន។
បើតាមលោក តាន់ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ ទង្វើបែប នេះ ហើយជំរុញឱ្យប្រទេសពាក់ព័ន្ធបញ្ឈប់ការផ្សព្វផ្សាយ ព័ត៌មាន មិនពិត។ បន្ថែមលើនេះ លោកក៏បានជំរុញប្រទេសទាំងនោះ ឱ្យបញ្ឈប់ សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន និងបង្កើនភាពតានតឹងលើផ្លូវអាកាស និងផ្លូវទឹក ហើយចាត់វិធានការ ជាក់ស្តែងដើម្បីការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ទន្ទឹមគ្នា លោក តាន់ ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសចិនប្រាកដ ជានឹងចាត់វិធានការតបតចំពោះរាល់ការបង្កហេតុបែបនេះ ហើយអ្នកដែលមកដោយមិនបានអញ្ជើញនឹងទទួលផលតបស្នងវិញ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា