សម្តេចតេជោ នាយករដ្ឋមន្ត្រី ចេញបទបញ្ជាឱ្យដោះមីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ឱ្យអស់នៅចុងឆ្នាំនេះ
បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា ធ្វើការដោះមីនឱ្យអស់ពីដីនៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម ឱ្យទៅជាតំបន់គ្មានគ្រាប់មីននៅចុងឆ្នាំនេះ ត្រូវធ្វើឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ សម្តេច ក៏បានសុំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ផងដែរ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាមច្ឆជាតិ១កក្កដា នៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្ទៃដីនៅឃុំប៉ោយចារ ២៤០០ម៉ែត្រការ៉េ ដែលមិនទាន់ដោះគ្រាប់មីន សូមឱ្យមានការដោះមីន លើផ្ទៃដីនៅសេសសល់ ធ្វើការភ្លាមជាមួយអាជ្ញាធរមីន ត្រូវបញ្ជូនកម្លាំងចុះដោះឱ្យអស់ ហើយសម្ដេចប្រកាសថា ឃុំប៉ោយចារ ត្រូវតែជាឃុំគ្មានគ្រាប់មីនទៀតទេ ទោះតម្លៃណាក៏ដោយ ដោះឱ្យអស់យ៉ាងយូរនៅចុងឆ្នាំនេះ ។ សម្ដេចប្រកាសថា ទីនេះគឺគ្មានគ្រាប់មីន ដែលទីនេះជាអតីតសង្គ្រាម។
ជាមួយគ្នាដែរ សម្តេចតេជោ ហ៊ុន សែនក៏បានសុំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវដាក់ចូលទៅក្នុងកញ្ចប់ថវិកាដោះមីននៅឆ្នាំ២០២៣ ដើម្បីដោះមីនឱ្យអស់ និងស្នើសុំដល់វិស័យឯកជនចូលរួម ធ្វើយ៉ាងណាឱ្យកម្ពុជាលែងមានគ្រាប់មីន ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចាប់ផ្តើមប្រកាសដាក់ខេត្ត ដាក់ស្រុក ដាក់ឃុំ អំពីការដោះមីនសុំឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពិចារណាដាក់ថវិកា ក្នុងឆ្នាំ២០២៣ ជាដំណាក់កាល ដើម្បីបង្ហើយដោះមីនតែម្តង ។
សម្ដេចថា ពេលនេះ ដូចជា នៅខេត្តកែប ជាខេត្តគ្មានមីន ខេត្តខ្លះតែ ៥ម៉ឺនដុល្លារទេ ទៅសុំគេពិបាកណាស់ តែពេលនេះ ដាក់ចូលទៅក្នុងកញ្ចប់ដោះមីន ដើម្បីដោះវាឱ្យអស់ ។ សម្ដេចថ្លែងបញ្ជាក់ថា សុំឱ្យវិស័យឯកជនចូលរួម ធ្វើយ៉ាងណាឱ្យកម្ពុជា លែងមានគ្រាប់មីន ៕ ដោយ វណ្ណលុក