មូលនិធិកូកា-កូឡា គាំទ្រមូលនិធិ Planet Water នាំយកទឹកស្អាតជូនសិស្សានុសិស្ស និងពលរដ្ឋ នៅខេត្តព្រៃវែង
ព្រៃវែង ៖ មូលនិធិ Planet Water បាននាំមកនូវការតម្លើងប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ Aquasan ទី៣៧ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ព្រៃពោន ខេត្តព្រៃវែង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ ស្ថិតក្រោមការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។
ថ្លែងក្នុងពិធីសម្ពោធនេះ ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយកគម្រោងស្តីពីការទប់ស្កាត់សំណល់ប្លាស្ទិកសមុទ្រមានប្រសាសន៍ថា ដោយសារសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋយើងមានការកើនឡើង ។ ឯកឧត្តមបន្តថា ការប្រើប្រាស់ឧបករណ៍ជំនួសប្លាស្ទិកដូចជាការប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកដូចយើងឃើញថ្ងៃនេះ និងជួយកាត់បន្ថយសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរបស់រាជរដ្ឋាភិបាល ។ លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា បានបញ្ជាក់ថា មូលនិធិកូកា-កូឡាមានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានាលើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។
នៅប្រទេសកម្ពុជាវិញ យើងមានមោទនភាពដែលការឧបត្ថម្ភគាំទ្ររបស់យើងដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ២០២២នេះ ។ គម្រោងនេះក៏មានកម្មវិធីអប់រំអនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ ។
លោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានបញ្ជាក់ថា ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និងគុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិត ជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ។
ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៣៧ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៦៦.០០០នាក់ក្នុងខេត្តចំនួន២១នៅទូទាំងប្រទេសកម្ពុជា។
គិតត្រឹមបំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ ។ ចាប់តាំងពីឆ្នាំ២០១០មក មូលនិធិកូកា-កូឡាបានបរិច្ចាគថវិកាជាង ១៣លានដុល្លារដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ៕ ដោយ៖ ទីណា និងបុត្រា