លោកជំទាវ ប៊ន សុភី នាំអំណោយ របស់អភិបាលខេត្ត ឧបត្ថម្ភថវិកាបូជាសពស្ត្រីក្រីក្រ ដែលក្រុមគ្រួសារគ្មានថវិកាធ្វើបុណ្យ នៅក្នុងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នំាង ៖ ដោយមានការសំណូមពរ ពីក្រុមគ្រួសារសពក្រីក្រ ខ្វះខាតគ្មានលុយ សម្រាប់ធ្វើបុណ្យសព នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងបុណ្យសព ស្ត្រីឈ្មោះ ឡុង សុខា អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលឈឺចូលសំរាក ក្នុងមន្ទីពេទ្យខេត្ត កាលពីថ្ងៃទី២៩ និងបានដេកធ្លាក់ពីលើគ្រែពេទ្យ រលូតកូន កាលពីថ្ងៃទី៣០ និងបានស្លាប់ នៅថ្ងៃទី១ ខែកក្កដា នេះ ។ សពស្ត្រីខាងលើ ត្រូវបានរថយន្តរបស់មន្ទីរពេទ្យខេត្ត ដឹកយកមកជូនក្រុមគ្រួសារ ទៅឈាបនដ្ឋានវត្តខ្សាម ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីអំពាវនាវ ដល់សប្បុរសជនចូលរួម ធ្វើបុណ្យបូជាសព តាមប្រពៃណី ។
នៅក្នុងពិធីបុណ្យសព នៅឈាបនដ្ឋានវត្តខ្សាមនេះ លោកជំទាវ ប៊ន សុភី បានដឹកនាំក្រុមការងារយកស្បៀងអាហារ និងថវិកាចូលរួម ជាមួយគ្រួសារសពរួមមាន អង្ករ ១២០គីឡូ ទឹកសុទ្ធ ២ កេស ទឹកត្រីទឹកស៊ីអ៊ីវ ៣យួរ អំបិល៥ គីឡូ ត្រីខ៣ យួរ និងថវិកា របស់ឯកឧត្តមអភិបាលខេត្ត ជំទាវ ប៊ន សុភី ២៥ម៉ឺនរៀល.ឯកឧត្តមគុយ ចន្ថា ១០ ម៉ឺនរៀល ឯកឧត្តមសាន់ យូ២០ម៉ឺនរៀល ឯកឧត្តមហ៊ី ណាត ១០ម៉ឺនរៀល, លោកហេង ធារ៉ា ១០ម៉ឺនរៀល លោក យឹម សុខារិន ១០ ម៉ឺនរៀល លោក សេង គន្ធា ១ម៉ឺនរៀល ។
នៅក្នុងនោះដែរ លោក បេ សារុំ អភិបាលរងក្រុងកំពង់ឆ្នាំង ក៏បាននាំយកអំណោយ របស់អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង រួមមាន ថវិកា១០ ម៉ឺនរៀល និងបាឡុង ១កំប្លេផងដែរ ។ សរុបថវិកាទាំងអស់ ដែលបានជួយ ក្នុងបុណ្យសពខាងលើ មានចំនួន ១លាន ២១ម៉ឺនរៀល ៕ ដោយ សុខ គឹមស៊ាន