សហព័ន្ធទូកកានូ និងរ៉ូអ៊ីងអាស៊ី សន្យាជួយពង្រឹងផ្នែកបច្ចេកទេស និងសម្ភារដល់កម្ពុជា សម្រាប់ស៊ីហ្គេម ២០២៣
ភ្នំពេញ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទទួលបានការជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងសម្ភារពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងអាស៊ី សម្រាប់ដំណើរការរៀបចំនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា លោក ណា ណារីតា ប្រធានសហព័ន្ធកីឡាទូកកានូអាស៊ី និងលោក ឆៃ ណារ៉ុង ប្រធានសហព័ន្ធកីឡាទូករ៉ូអ៊ីងអាស៊ី បានដឹកនាំប្រតិភូ និងមន្ដ្រីជំនាញ មកទស្សនកិច្ច និងពិនិត្យទីលានប្រកួតនៅកម្ពុជា ហើយបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីល្ងាចថ្ងៃទី២៩ ខែមិថុនា។
លោកអគ្គលេខាធិការរងបានឲ្យដឹងថា ដំណើរទស្សនកិច្ច និងកិច្ចប្រជុំ រវាងថ្នាក់ដឹកនាំកីឡាកម្ពុជា និងប្រតិភូសហព័ន្ធអាស៊ីខាងលើ បានបញ្ចប់ប្រកបដោយផ្លៃផ្កាល្អប្រសើរ។ លោកមានប្រសាសន៍ថា «គាត់(សហព័ន្ធអាស៊ី)មកនេះ ដើម្បីជួយជំរុញ លើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងសម្ភារ ពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ អ៊ីចឹងជាសក្ខីភាពក្នុងអង្គប្រជុំ គឺគាត់ជួយឧបត្ថម្ភ ដូចជាការជួយរៀបចំទីលានប្រកួតជាដើម»។
«ចំពោះទូក សម្រាប់បម្រើឲ្យការប្រកួតវិញ សម្រាប់ប្រទេសនៅឆ្ងាយ ពិបាកដឹកជញ្ជូនមកប្រកួត គាត់(សហព័ន្ធអាស៊ី) នឹងយកទូកមក ហើយអាចឲ្យខ្ចី សម្រាប់បម្រើឲ្យការប្រកួតបាន ។ រីឯកីឡាករ-កីឡាការិនីកម្ពុជាយើងវិញ ដែលចង់ទៅហ្វឹកហាត់បន្ថែម រយៈពេលពី៣ទៅ៦ខែ ដូចជានៅថៃ ឥណ្ឌូនេស៊ី សិង្ហបុរី វៀតណាម និងថៃ គឺអនុញ្ញាតឲ្យកម្ពុជា។ នេះន័យថា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អាចបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់រយៈពេលវែងបាន»។ លោក ស្រ៊ុន លាង បន្ថែម។
ពាក់ព័ន្ធនឹងទីលានប្រកួតវិញ លោកបានពន្យល់ថា ឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃរបស់មន្ដ្រីជំនាញសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងអាស៊ី ក៏ដូចជាគណៈកម្មការបច្ចេកទេស នៃព្រឹត្តិការណ៍ស៊ីហ្គេម បានអះអាងថា ទីលានប្រកួតនៅដងព្រែកកំពត ខេត្តកំពត អាចរៀបចំការប្រកួតបាន។ ពិសេសទីតាំងរបស់ទីលាន គឺមានសោភ័ណ្ឌល្អស្អាត ដែលកម្ពុជាអាចរៀបចំការប្រកួតកីឡាលើទឹកបាន ស្របទៅតាមការកំណត់របស់គណៈកម្មាធិការជាតិ CAMSOC ក្នុងនោះទូករ៉ូអ៊ីង អាចរៀបចំការប្រកួតកក្នុងបច្ចេកទេសចម្ងាយខ្លី ១,០០០ម៉ែត្រ ខណៈទូកកានូ និងទូកប្រពៃណី អាចរៀបចំបានលើវិញ្ញាសាចម្ងាយ ១,០០០ម៉ែទ្រ ៨០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០ម៉ែត្រជាដើម។
ដំណាលគ្នានឹងកិច្ចប្រជុំដ៏មានសារសំខាន់នេះដែរ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានលើកទឹកចិត្ត និងជំរុញឲ្យសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បន្ដធ្វើការជាមួយសហព័ន្ធអាស៊ី ទាំងទូកកានូ និងរ៉ូអ៊ីង ដើម្បីស្វែងរកការគាំទ្របន្ថែមលើបច្ចេកទេសផ្សេងៗ។ ពិសេសបណ្ដាប្រទេសជាមិត្ត ដើម្បីធានាបាននូវការត្រៀមខ្លួន និងរៀបចំប្រកបដោយភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នៃការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕ ចាន់ វិចិត្រ