ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដំណើរដោយឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន បានជួបពិភាក្សាកាងារជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC)។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើស្ថានភាពនយោបាយនៅក្នុងប្រទេស ជាពិសេសលើវិធីដែលមីយ៉ាន់ម៉ាអាចជំរុញការចរចាសន្តិភាពទៅមុខ ដើម្បីជាប្រយោជន៍ដល់ប្រជាជនទាំងអស់នៅក្នុងប្រទេស។ នេះតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជានៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការបរទេសបានបញ្ជាក់ថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រេសិតពិសេសនៃប្រធានអាស៊ាន ក៏បានឆ្លៀតឱកាសពន្យល់អំពីការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ ផ្តួចផ្តើមដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបាននាំកម្ពុជាឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) និងជួបដាច់ដោយឡែកជាមួយតំណាងអង្គការប្រដាប់អាវុធជនជាតិភាគតិចចំនួន៧ ដែលបានចុះហត្ថលេខាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សារវាងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ជាមួយឯកឧត្តម យ៉ា ព្យេ ប្រធានគណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) បានផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ (១) វឌ្ឍនភាពការងារ និងការចូលរួមចំណែករបស់អង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) (២) ការចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងដំណើរអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន និង (៣) តួនាទីរបស់គណៈកម្មាធិការសាមគ្គីភាពជាតិ និងការបង្កើតសន្តិភាព (NSPNC) ក្នុងដំណើរការផ្តល់ជំនួយមនុស្សធម៌ និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនមីយ៉ាន់ម៉ា នៅតំបន់ដែលពិបាកទៅដល់៕
ដោយ៖ពលជ័យ

រូបភាព៖ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ads banner