CAMSOC ជំរុញបន្ថែមលើការរៀបចំធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាអាស៊ីអាគ្នេយ៍

គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានរៀបចំបែងចែកតួនាទីភារកិច្ចដល់គណៈកម្មការជំនាញនានា ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម នាថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ក្រោយពីទទួលបានការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំទទួលបដិសណ្ឋារកិច្ច សម្រាប់កិច្ចប្រជុំអាស៊ីអាគ្នេយ៍ដ៏មានសារសំខាន់ នាពេលពេលខាងមុខឆាប់ៗនេះ។

នេះជាកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យសម្រេចលើការកំណត់ប្រភេទកីឡា វិញ្ញាសា រួមជាមួយនឹងការត្រួតពិនិត្យទីលានប្រកួតនានា នៅភ្នំពេញ។ កិច្ចប្រជុំនេះ គឺដើម្បីប្រមែប្រមូលនូវការគាំទ្របន្ថែម ពីបណ្តាសមាជិកអាស៊ីអាគ្នេយ៍ទាំងមូល។ «ឯកឧត្តមបណ្ឌិត ថោង ខុន បានណែនាំក្រុមជំនាញនានាទទួលស្វាគមន៍ភ្ញៀវអាស៊ីអាគ្នេយ៍ឲ្យទទួលបាននូវភាពកក់ក្តៅបំផុត។ តាមការគ្រោងទុក នឹងមានប្រតិភូកីឡា រួមទាំងភ្ញៀវទេសចរ (ប្រមាណ៥០នាក់) សរុបជាង ១០០នាក់។ គោលបំណងចម្បងៗនៃកិច្ចប្រជុំថ្ងៃនេះ គឺដើម្បីបែងចែកការងារ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរៀងៗខ្លួនឲ្យបានច្បាស់លាស់»។

ការត្រៀមលក្ខណៈនេះ ត្រូវបានជំរុញពីសម្តេចពិជ័យសេនា ទៀ បាញ់ ដោយធ្វើយ៉ាងណាឲ្យការរៀបចំនេះ ទទួលបានកិត្តិយសជាតិ និងជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះ រាប់ចាប់តាំងពីការរៀបចំកិច្ចប្រជុំនានា រហូតដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា នៅកិច្ចប្រជុំក្របខណ្ឌអាស៊ីអាគ្នេយ៍ នាពេលខាងមុខឆាប់នេះ សំខាន់គឺម្ចាស់ផ្ទះចង់បានការគាំទ្រពីសមាជិកអាស៊ីអាគ្នេយ៍ឲ្យបានច្បាស់លាស់បន្ថែម និងការត្រួតពិនិត្យវាយតម្លៃទៅលើហេដ្ឋារចនាសម្ព័ន្ធកីឡានានា នៅរាជាធានីភ្នំពេញ តាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ច ជូនសមាជិកអាស៊ីអាគ្នេយ៍ ដោយមិនទាន់រៀបចំទីលានប្រកួត នៅតាមបណ្តាខេត្តគោលដៅរៀបចំស៊ីហ្គេមនៅឡើយទេ ដោយសារខេត្តទាំងនោះ មានប្រភេទកីឡា ១ឬ២ ប៉ុណ្ណោះ។ «ជាមួយនឹងការខិតខំរៀបចំជាជំហានៗនេះ យើងជឿជាក់ថា ការទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នឹងទទួលបានជោគជ័យជាក់ជាមិនខាន»៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner