ក្រោយកូវីដ-១៩ ស្ងប់ស្ងាត់ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ទទួលបានភ្ញៀវទេសចរ ប្រសើរឡើងវិញ

ខេត្តក្រចេះ ៖ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ជាទីកន្លែងពេញនិយមមួយ របស់ភ្ញៀវទេសចរដែលចូលចិត្តទស្សនា សត្វផ្សោត ក្នុងទន្លេទឹកសាប ដែលជាសត្វផ្សោតដ៏កម្របំផុតមួយក្នុងពិភពលោក កំពុងមានវត្តមាន នៅប្រទេសកម្ពុជា ។ ទីកម្សាន្តនៅទន្លេងមេគង្គ នៃខេត្តក្រចេះ ដែលស្ថិតនៅឃុំសំបុក ស្រុកចិត្របុរីមួយកន្លែងនេះ គឺជាទីតាំងទេសចរណ៍ដ៏មានសក្ដានុពល ដោយភ្ញៀវទេសចរអាចចូលកម្សាន្ត មើលសត្វផ្សោតហែលឆ្វែលឆ្វាត់ក្នុងទឹក និងសិក្សាពីសត្វផ្សោតទន្លេមេគង្គ ដែលជាថនិកសត្វ ដ៏កម្រមួយ រៀងរាល់ថ្ងៃ។

សត្វផ្សោតទន្លេមេគង្គ ដែលចិញ្ចឹមកូនដោយទឹកដោះ គឺជាប្រភេទថនិកសត្វដ៏កម្រ ហើយមាននៅសល់តិចតួចណាស់ នៅលើពិភពលោក។

ក្រុមប្រជាពលរដ្ឋដែលជាអ្នកលក់ដូរ និងអ្នករត់ទូកនៅអន្លង់ផ្សោតកាំពី បានឱ្យដឹងថា ក្រោយការស្ងប់ស្ងាត់ជំងឺកូវីដ១៩ តាមការសង្កេតពួកគាត់ឃើញថា ភ្ញៀវទេសចរកើនឡើង ដែលជា ហេតុធ្វើឱ្យការរកចំណូលរបស់ពួកគាត់ល្អប្រសើរឡើងបន្តិចវិញ ។

អ្នកស្រី ខឹម ណារិន អ្នកលក់ដូរមួយរូបនៅតំបន់ទេសចរណ៍មួយកន្លែងនេះ បានប្រាប់ឱ្យដឹងថា ចាប់ពីជំងឺកូវីដ១៩ផ្ទុះឡើងមក តំបន់នេះ ស្ងប់ស្ងាត់ភ្ញៀវទេសចរណាស់ ហើយបើមាននោះ គឺមានតែភ្ញៀវក្នុងស្រុក ដែលជាជនជាតិខ្មែរទេ ឯជនបរទេសស្ទើរពុំមានឡើយ។

ស្រ្តីរូបនេះបានឱ្យដឹងបន្ថែមថា ទោះបីយ៉ាងណានាពេលនេះភ្ញៀវទេសចរ ចាប់ផ្តើមចូលបណ្តើរៗមកវិញ ហើយបើចំថ្ងៃ សៅរ៍ និងអាទិត្យ ឬ ថ្ងៃ បុណ្យទានអ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយជីវភាពផងដែរ ។

មិនខុសគ្នា លោក រស់ សាមីត ជាអ្នករត់ទូកទេសចរណ៍បានឱ្យដឹងថា បើទោះបីភ្ញៀវទេសចរមិនច្រើនដូចកាលពីមុនតែពេលនេះរមណីយដ្ឋានអន្លង់ផ្សោតកាំពី មានសកម្មភាពរស់រវើកបន្តិចឡើងវិញ ហើយពួកគាត់ អាចរកចំណូលពីសេវាលើវិស័យទេសចរណ៍បានគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃដែរ។

កំពុងបើកទូកនាំភ្ញៀវទេសចរណ៍មើលសត្វផ្សោត លោក ម៉ាន់ ឈុន បានឱ្យដឹងថា លោកប្រកបរបរដឹកភ្ញៀវទេសចរច្រើនឆ្នាំមកហើយ ។ ភ្ញៀវទេសចរតែងមកមើលត្រីផ្សោតស្ទើររៀងរាល់ថ្ងៃ ហើយតាមរយៈនេះ លោកអាចរកចំណូលគ្រាន់ដោះស្រាយជីវភាព ។

បុរស វ័យ ៦១ឆ្នាំរូបនេះបានឱ្យដឹងថា ការនាំភ្ញៀវទេសចរ មកមើលសត្វផ្សោតនេះ គឺខាងសហគមន៍លោកធានាថា បានមកមើលហើយ ត្រូវតែឃើញសត្វផ្សោត ហើយបើពុំឃើញគឺលោកពុំយកថវិការឡើយ ។ ការធានាបែបនេះដោយសារសត្វផ្សោតមានចំនួនច្រើន ហើយវាតែងបង្ហាញខ្លួននៅទីកន្លែងនេះគ្រប់ពេលវេលា ។

គួរបញ្ជាក់ថា អ្នកទេសចរកាលបើធ្វើដំណើរតាមទូក ទៅដល់កណ្ដាលទន្លេ ក្បែរអន្លង់ផ្សោត អ្នកទេសចរ អាចចាំថតរូបភាពឬ ចាំស្ដាប់សម្លេងដង្ហើមរបស់សត្វផ្សោត នៅពេលពួកវាផូសចេញពីទឹក ដើម្បីដកដង្ហើម នៅក្នុងរយៈពេលពី ១០ ទៅ ១៥នាទីម្ដង។

ដោយឡែកលោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានឱ្យដឹងដែរថា សត្វផ្សោតទឺកសាបគឺជាសត្វដ៏កម្រដែលចាំបាច់ត្រូវអភិរក្ស ដើម្បីបម្រើលើវិស័យទេសចរណ៍។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពេលដឹកនាំយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តក្រចេះ នាពេលថ្មីៗមកនេះ បានបញ្ជាក់ ឱ្យដឹងថាចំនួនសត្វផ្សោតទឹកសាបកម្ពុជានៅសេសសល់ចំនួន ៨៩ ក្បាល ហើយពួកវាកំពុងរស់នៅលើដងទន្លេមេគង្គពីខេត្តក្រចេះ ទៅស្ទឹងត្រែង។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាននិងក្រសួងពាក់ព័ន្ធ បានឯកភាពគ្នា ជ្រើសរើសយក តំបន់ បេតិកភណ្ឌធម្មជាតិភ្នំត្បែងក្នុងខេត្ដព្រះវិហារ និង តំបន់ គ្រប់គ្រង និង ការពារ ជម្រក សត្វ ផ្សោត មេគង្គ ព្រែកកាំពី ចាប់ពីខេត្ដ ក្រចេះដល់ ខេត្ដ ស្ទឹងត្រែងដាក់ចូលក្នុងបញ្ជីត្រៀម ស្នើបញ្ចូល ជា សម្បត្ដិបេតិកភណ្ឌធម្មជាតិ ពិភពលោក របស់ អង្គការ យូណេស្កូ ៕ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner