អគ្គលេខាធិការគណៈវិស្វករកម្ពុជា ៖ គណៈវិស្វករកម្ពុជា ធ្វើជាស្ពានសម្រាប់តភ្ជាប់វិស្វករអាជីពជាតិ ឱ្យទទួលបានគោរម្យងារជាវិស្វករអាស៊ាន និងជាវិស្វករអាជីពឆ្នើមអាស៊ាន

ភ្នំពេញ៖ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានលើកឡើងថា គណៈវិស្វករកម្ពុជា ធ្វើជាស្ពានសម្រាប់តភ្ជាប់វិស្វករអាជីពជាតិ ឱ្យទទួលបានគោរម្យងារជាវិស្វករអាស៊ាន និងជាវិស្វករអាជីពឆ្នើមអាស៊ាន ដែលជាគោលដៅនៃការធ្វើចល័តភាពសេវាកម្មវិស្វកម្មនៅក្នុងតំបន់អាស៊ាន និងឈានទៅសកលភាវូនីយ៍កម្ម ។ នេះជាការបញ្ជាក់របស់ឯកឧត្តម សុខុម រិទ្ធីវុធ អគ្គលេខាធិការគណៈវិស្វករកម្ពុជា ក្នុងពិធីការពារនិក្ខេបបទ វិស្វករអាជីពជាតិ ជំនាន់ទី៣០ ចំពោះវិស្វករ ដែលបានចុះបញ្ជី នៅគណៈវិស្វករកម្ពុជា ចំពោះមុខគណៈកម្មាធិការ មេប្រយោគ និងគណៈកម្មាធិការវាយតម្លៃសម្បទាវិជ្ជាជីវៈវិស្វកម្ម នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅអាគាររបស់គណៈវិស្វករកម្ពុជា តាមបណ្តោយមហាវិថីហាណូយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ការធ្វើតេស្តសមត្ថភាពវិស្វករអាជីព ជំនាន់ទី៣០នេះ មានបេក្ខជន-បក្ខនារី វិស្វករចំនួន ៥៦នាក់ ចែកចេញជា២ថ្ងៃ ក្នុងនោះថ្ងៃទី១ គឺធ្វើនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ មានបេក្ខជន-បក្ខនារីវិស្វករចំនួន ២៤នាក់ និងថ្ងៃទី២ គឺធ្វើនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានបេក្ខជនវិស្វករ ៣២នាក់ ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម សុខុម រិទ្ធីវុធ បានលើកឡើងពីគោលបំណងរបស់គណៈវិស្វករកម្ពុជា គឺការពង្រឹងគុណភាព និងសមត្ថភាពប្រតិបត្តិវិជ្ជាជីវៈរបស់វិស្វករ ដែលបានចុះបញ្ជីនៅគណៈវិស្វករកម្ពុជា ស្របទៅនឹងព្រះរាជក្រឹត្យ ស្ដីពីការបង្កើតគណៈវិស្វករកម្ពុជា ។

ឯកឧត្តម បញ្ជាក់ថា បើវិស្វករចុះបញ្ជីមិនទាន់ទទួលបានគោរម្យងារ ជាវិស្វករអាជីពជាតិទេ គឺគាត់មិនអាចធ្វើការគ្រប់គ្រងការដ្ឋានធំៗ ឬក៏វិស្វករដែលមានជំនាញនៅក្រោមការគ្រប់គ្រងរបស់គាត់ដែរ ។
ម្យ៉ាងវិញទៀតវិស្វករទាំងនោះ ក៏មិនអាចទទួលបានគោរម្យងារ ជាវិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ដែលធ្វើឱ្យបាត់ឱកាស ក្នុងការធ្វើចលតភាពវិជ្ជាជីវៈទៅក្នុងតំបន់ និងទៅក្នុងសកលលោកទាំងមូល ។

ឯកឧត្តម បានបន្តថា ការវាស់ស្ទង់សមត្ថភាពប្រតិបត្តិវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករនាពេលនេះ គឺដើម្បីឱ្យគណៈវិស្វករកម្ពុជា មានលទ្ធភាព ក្នុងការរៀបចំគម្រោងផែនការ ដើម្បីធ្វើការបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ត នូវជំនាញដែលទទួលបានថ្មីៗ ផ្ដល់ជូនបន្ថែមដល់វិស្វករយើង ឱ្យគាត់មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញតួនាទី ភារកិច្ចនាថ្ងៃអនាគត ។

ឯកឧត្តម អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានបន្តទៀតថា បច្ចុប្បន្ន ការលូតលាស់នៃការបង្កើននូវហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ ស្ពាន ថ្នល់ និងសំណង់អាគារ ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនោះ គឺកាន់តែមានការកើនឡើងច្រើន ប៉ុន្តែទន្ទឹមនឹងនោះ ក៏មានផលលំបាកទាក់ទងទៅនឹងការធ្វើសំណង់ ដែលយើងមើលឃើញថា អ្វីដែលជាផលលំបាក ត្រូវតែធ្វើការដោះស្រាយ និងជាការផ្ដល់ នូវបទពិសោធន៍ល្អជូនគាត់ កុំឱ្យមានប្រវត្តិសាស្រ្តច្រំដែលដូចជា៖ នៅខេត្តព្រះសីហនុ និងនៅខេត្តកែបជាដើម ។

ជាមួយគ្នានេះដែរ ឯកឧត្តម សុខុម រិទ្ធីវុធ សង្ឃឹមថា បេក្ខជន-បេក្ខនារី នឹងទទួលបាននូវបទពិសោធន៍ថ្មី នៃការប្រកបវិជ្ជាជីវៈរបស់ខ្លួន ដែលគេតែងតែសរសើរថា កម្ពុជា គឺជាអ្នកដែលបង្ហាញ នូវស្ថាបត្យកម្មដ៏ល្អគ្មានគូប្រៀប ដោយឯកឧត្តម បានពន្យល់ថា អ្នកខ្លះចេះតែយល់ថា អង្គរវត្តជាប់លេខ៧ គឺមិនមែនទេ។ អង្គរវត្ត គឺជាស្នាដៃស្ថាបត្យកម្មដែលគេរកឃើញទី៧ ប៉ុន្តែអង្គរវត្ត ជាប់នៅក្នុងការបោះឆ្នោតជាច្រើនលើកហើយ គឺជាស្នាដៃស្ថាបត្យកម្មកំពូលលើលោក ដែលគ្មាននរណាប្រៀបបាន ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner