កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

សៀមរាប៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នាសាលប្រជុំសាលាខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរមានសមត្ថកិច្ចនិងអង្គការថែរក្សា ការពារធនធានធម្មជាតិ ក្រោមអធិបតីភាព លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងវត្តមាន អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធមួយចំនួន តំណាងកម្លាំងសមត្ថកិច្ចនិងតំណាងអង្គការចំនួនពីរ ចូលរួមផងដែរ ។

កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ដើម្បីជជែកពិភាក្សា ស្វែងរកកិច្ចសហប្រតិបត្តិការ សាមគ្គីគ្នាក្នុងការអនុវត្តការងារ ពាក់ព័ន្ធការទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិ រវាងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរក្រុងស្រុក ជាមួយ អង្គការថែរក្សាការពារធនធានធម្មជាតិ និង អង្គការការពារបរិស្ថាននិងសិទ្ឋិពលរដ្ឋកម្ពុជា ។ អង្គប្រជុំបានលើកជាមតិយោបល់នូវបញ្ហាប្រឈមនិងសំណូមពរមួយចំនួន ដើម្បីរួមគ្នាដោះស្រាយ និងមានវិធានការចំពោះបុគ្គលឬអង្គភាព អាជ្ញាធរសមត្ថកិច្ច ស្ថាប័នណាដែលប្រព្រឹត្តិផ្ទុយពីតួនាទី ភារកិច្ចនិងវិជ្ជាជីវៈជំនាញរបស់ខ្លួន ។ ក្នុងនោះ អាជ្ញាធរក្រុង ស្រុក និង មន្ត្រីជំនាញពាក់ព័ន្ធ បានស្នើឲ្យអង្គប្រជុំយកចិត្តទុកដាក់ទៅលើការប្រើប្រាស់ នូវ ឯកសណ្ឋាន សិទ្ឋិនិងតួនាទីរបស់វិស័យសារព័ត៌មាន និង អង្គការសង្គម សមាគមនានា គឺ ពួកគាត់ពុំមាននិតិសម្បទាជា មន្ត្រីនគរបាលយុត្តិធម៌ ដោយមិនអាចឃាត់ចាប់ឬសួរនាំអ្នកប្រព្រឹត្តិបទល្មើសឡើយ ។ ប៉ុន្តែពួកគាត់មានសិទ្ឋិសរសេរព័ត៌មាន និងសុំការទំនាក់ទំនងសហការ និង រាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន ឬកម្លាំងមានសមត្ថកិច្ចឈរជើងនៅគោលដៅដែលកៀកបំផុត ដើម្បីបង្ក្រាបបទល្មើសនោះ ។ កន្លងមកក៏មានសមាគម អង្គការសង្គមស៊ីវិលខ្លះនិងស្ថាប័នអ្នកសារព័ត៌មានមួយចំនួន ពេលជួបបទល្មើសពួកគាត់មិនបានសុំការសហការពីអាជ្ញាធរដែនដីឬកម្លាំងសមត្ថកិច្ចនោះទេ ដែលជាហេតុនាំឲ្យរំខានដល់ការប្រកបមុខរបរតូចតាចពីអនុផលព្រៃឈើរបស់បងប្អូនប្រជាពលរដ្ឋ ដែលបណ្តាលឲ្យគាត់មានការថ្នាំងថ្នាក់ជាបន្តបន្ទាប់ ។

ក្នុងនោះដែរលោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្តមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងវិស័យព័ត៌មានថ្វីត្បិតតែមន្ទីរមិនមានសិទ្ធក្នុងការត្រួតពិនិត្យ គ្រប់គ្រង និងតាមដានសកម្មភាពរបស់ស្ថាប័នព័ត៌មានឯកជនក្តី តែមន្ទីរតែងតែសហការនិងណែនាំដល់គ្រប់អង្គភាពព័ត៌មានដែលអាជ្ញាប័ណ្ណមានសុពលភាព ដើម្បីយកមកចុះបញ្ជី ព្រមទាំងសហការសម្របសម្រួលនិងដោះស្រាយភាពប្រទាំងប្រទើសជាច្រើន រវាងអាជ្ញាធរដែនដី និងសមត្ថកិច្ចជាមួយអ្នកសារព័ត៌មានពុំដែលធ្វេសឡើយ ។ លោកនៅតែបន្តពង្រឹងសហការគ្រប់ជ្រុងជ្រោយជាមួយអាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ត្រីមានសមត្ថកិច្ច ដើម្បីទប់ស្កាត់ជនបន្លំជាអ្នកសារព័ត៌មាន ឬ អ្នកព័ត៌មានណាដែលពុំមានលិខិតឧទ្ទេសនាម និង ប័ណ្ណសម្គាល់ខ្លួន និង ប្រើប្រាស់តួនាទីប្រាសចាកពីក្រមសីលធម៌និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ។

មានមតិបូកសរុបអង្គប្រជុំ លោក អ៊ឹង គឹមលាង ក៏បានជំរុញ និងណែនាំឲ្យមន្ទីរព័ត៌មានខេត្ត បន្តគ្រប់គ្រង ស្រង់ទិន្នន័យ និងចុះបញ្ជីនូវស្ថាប័នព័ត៌មានដែលមានសុពលភាពក្នុងខេត្តទាំងអស់ ហើយអាជ្ញាធរខេត្ត នឹងជ្រើសរើសនូវពេលវេលាសមស្របណាមួយ រៀបចំជួបប្រជុំជាមួយបណ្តាញសារព័ត៌មានក្នុងខេត្ត ។

លោកអភិបាលរងខេត្តបានផ្តល់ចំណុចគន្លឺះសំខាន់ៗមួយចំនួន ដើម្បីឲ្យកិច្ចការពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់និងបង្ក្រាបបទល្មើស រវាងអាជ្ញាធរសមត្ថកិច្ច ជាមួយអង្គការ សមាគម និងអ្នកសារព័ត៌មាន ប្រព្រឹត្តិទៅដោយត្រឹមត្រូវ ស្របតាមបទដ្ឋាន ច្បាប់គតិយុត្តិនានា និងនិតិវិធី តាមជំនាញ និងវិជ្ជាជីវៈរៀងៗខ្លួន ។ លោកបានបន្តទៀតថា ចំពោះអង្គការ និងសមាគម ត្រូវគោរពតាមលក្ខន្តិកៈរបស់ខ្លួននិងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ហើយមានតួនាទីពេញលេញទៅលើតែការសហការចូលរួម ផ្តល់ព័ត៌មាន អង្គេត និងតាមដាន ពុំមានតួនាទី ក្នុងការស្រាវជ្រាវលើករណីបទល្មើសណាមួយឡើយ លើកលែងតែមានការសុំដីកាពីព្រះរាជអាជ្ញានិងសុំគោលការណ៍និងចំណាឯកភាពពីអាជ្ញាធរខេត្ត ជាពិសេសចូលរួមគោរពច្បាប់និងបទដ្ឋានគតិយុត្តិនានាដែលមានជាធរមាន ចៀសវាងការរំលោភសិទ្ឋិគ្នា ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner