ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច ចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល

ភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា ដែលមានដោយលោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី «តេជោ» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានឯកឧត្តម បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានអញ្ជើញចុះអនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធ e-KYC ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ។

ខ្លឹមសារអនុស្សារណៈនេះ ផ្តោតសំខាន់ទៅលើចំណុចចម្បងៗដូចជា៖ ១. រៀបចំកសាងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ, ២.ចូលរួមសាកល្បងអនុវត្ត និងប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណបណ្ណអតិថិជនឌីជីថល, ៣. ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពធុរកិច្ច ក្នុងប្រព័ន្ធសម្គាល់អត្តសញ្ញាណបណ្ណអតិថិជនឌីជីថល ។

លោកជំទាវ បណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ លើការប្រើប្រាស់សេវាធនាគារ និងសេវាហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ។

លោកជំទាវ ឧបការីទេសាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ន គ្រឹះស្ថាន-ធនាគារ និងហិរញ្ញវត្ថុ ដែលចុះឈ្មោះអតិថិជនប្រើប្រាស់ប្រព័ន្ធបាគងបានអនុវត្តនីតិវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន (KYC) តាមវិធីសាស្ត្រ Manual Approach នៅតាមបញ្ជររបស់គ្រឹះស្ថាន ឬកំណត់អត្តសញ្ញាណអតិថិជនតាមវិធានដោយឡែកពីគ្នារប់សគ្រឹះស្ថាននីមួយៗ ។ ទោះជាយ៉ាងណា ការអនុវត្តបែបនេះ ជាវិធីសាស្ត្របែបប្រពៃណី នៅពុំទាន់មានភាពងាយស្រួលមិនតែប៉ុណ្ណោះវាអាចនឹងបង្កឲ្យមានហានិភ័យក្នុងការក្លែងបន្លំ និងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ ។

លោកជំទាវ អគ្គនាយកបច្ចេកទេសធនាគារជាតិ បានបន្តថា ពាក់ព័ន្ធនឹងការងារនេះ ក្រុមការងារអន្តរក្រសួង បានសិក្សា និងធ្វើតេស្តសាកល្បងលក្ខណៈបច្ចេកទេសពាក់ព័ន្ធនឹងការភ្ជាប់ប្រព័ន្ធបាគង និងថ្នាល CamDX ក្រោមរូបភាពជា Sandbox លើលទ្ធភាពក្នុងការអនុវត្ត e-KYC បានដោយជោគជ័យ ជាលទ្ធផលរលូន ។

ទន្ទឹមគ្នានេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការកម្មវិធី CamDigiKey ជំនាន់ ២.០ ដែលជាយន្តការមួយរបស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដែលមានឈ្មោះពេញថា Cambodia Digital Key ។ ជាមួយគណនី CamDigiKey តែមួយអ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈឌីជីថលបានយ៉ាងងាយស្រួល តាមរយៈការស្គែន QR Code នៅលើទូរស័ព្ទដៃ ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម បណ្ឌិត គង់ ម៉ារី បានគូសរំលេចលក្ខណៈពិសេស ៤ ថ្មីរបស់កម្មវិធី Cam Digi Key ជំនាន់ ២.០ ដែលមានដូចជា ៖ (១). Liveness Detection បច្ចេកវិទ្យាផ្ទៀងផ្ទាត់ និង វិភាគមុខមនុស្ស ដោយផ្អែកលើការថតយកការធ្វើចលនាមុខរបស់អ្នកប្រើប្រាស់, (២). Machine Readable Zone ប្រើប្រាស់បច្ចេកវិទ្យា Optical Character Recognition (OCR) សម្រាប់ធ្វើការបម្លែង ព័ត៌មានដែលមានទម្រង់ជារូបភាព ទៅជាទម្រង់ឌីជីថលតាមរយៈ Machine Readable Zone, (៣). Deep Link ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ក្នុងកម្មវិធីទូរស័ព្ទផ្សេង ដោយមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះឡើងវិញ ក្នុងករណីកម្មវិធីទូរស័ព្ទនោះ ត្រូវបានធ្វើសមាហរណកម្មជាមួយកម្មវិធី CamDigiKey, និង (៤), OA n 2.0 អ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណតែម្តងគត់ នឹងអាចចូលទៅប្រើប្រាស់គេហទំព័រដទៃទៀតបាន ដោយមិន ចាំបាច់ផ្ទៀងផ្ទាត់អត្តសញ្ញាណឡើងវិញ ឬស្កែនកូដ QR ម្ដងទៀតឡើយ។ សព្វថ្ងៃ កម្មវិធីទូរស័ព្ទដៃ CamDigiKey បាន និង កំពុងប្រើប្រាស់សម្រាប់ការចូលទៅកាន់សេវាសាធារណៈមួយចំនួនរួចទៅហើយ រួមទាំងផតថលទាំង ៥ នៃប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានផងដែរ ៕ ដោយ វ៉េង លីមហួត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner