ឯកឧត្តម យី វាសនា ៖ សម្តេចតេជោ ហ៊ុន សែន នឹងអនុញ្ញាតិអោយប្រតិភូកីឡាជនពិការកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៦ ខែកក្កដាខាងមុខនេះ
ភ្នំពេញ៖ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានថ្លែងប្រាប់តាមសារអេឡិចត្រូនិច ពីទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ីថា នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បានអនុញ្ញាតិអោយប្រតិភូកីឡាជនពិការកម្ពុជា លើ១១ប្រភេទកីឡា ចូលជួបសម្តែងការគួរសម មុនចេញដំណើរទៅចូលរួមព្រឹត្តការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៊ី ក្រោយវៀតណាមសម្រេចប្រកាសលុបចោល ។
ក្រៅបញ្ជាក់ពីជំនួប ឯកឧត្តម យី វាសនា ក៏បានជម្រាបជូនពីបេសកកម្មរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានបញ្ចប់ជាស្ថាពរ ជាលទ្ធផល ៖
១-សិក្ខាសាលានាយបេសកកម្មបានទទួលពត៌មានទីតាំង និងប្រភេទកីឡា ត្រូវបានបង្ហាញពិសេសប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា បានចុះទស្សនកិច្ចផ្ទាល់ដល់ទីលាន ដែលត្រៀមរៀបចំការប្រកួត ។
២-ចុះអនុសារណៈ សហព័ន្ធកីឡាជនពិការអាស៊ាន និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី ។
៣-ចុះឈ្មោះប្រតិភូកីឡាបានបញ្ចប់ជាស្ថាពរ ។
៤-សម្របសម្រួលកិច្ចប្រជុំ ដើម្បីរៀបចំដំណើរចូលរួមរបស់ប្រតិភូឥស្សរជនជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា និងពិភាក្សាការចូលរួមទស្សនកិច្ចដកស្រង់បទពិសោធន៍របស់ CAMAPGOC ព្រមទាំងប្រតិភូសំដែងទទួលទង់អាស៊ានប៉ារ៉ាហ្គេម ។
និងទី៥-អាស៊ានប៉ារ៉ាហ្គេម នឹងបើកជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅពេលល្ងាច នឹងបិទ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅវេលាល្ងាចជាកម្មវិធីពិសេសគឺកម្ពុជាទទួលទង់អាស៊ានប៉ារ៉ាហ្គេម ដើម្បីទទួលសិទ្ធិពេញលេញ ក្នុងការធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ។
ឯកឧត្តម អគ្គលេខាធិការ បញ្ជាក់ជូនថា យោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំគណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួម ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ី កម្ពុជានឹងបញ្ជូន១១ប្រភេទកីឡា រួមមាន អត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និងប៊ូស្យា ។
សូមរំលឹកថា ក្នុងព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី កម្ពុជាដណ្តើមបានមេដាសរុប១០គ្រឿង ប្រាក់៥ និង៥សំរិទ្ធ ៕ ចាន់ វិចិត្រ





