អ៊ីតាលីប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដើម្បីប្រឈមមុខនឹងគ្រោះរាំងស្ងួត
រ៉ូម៖ រដ្ឋាភិបាលអ៊ីតាលីនៅថ្ងៃចន្ទដើមសប្តាហ៍នេះបានប្រកាសដាក់រដ្ឋក្នុងភាពអាសន្នទាក់ទងនឹងរលកកំដៅដ៏យូរអង្វែង រួមទាំងលក្ខខណ្ឌគ្រោះរាំងស្ងួត ដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ប្រទេសនេះ ជាពិសេសភាគខាងជើងរបស់ខ្លួន។
ក្រឹត្យនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីហេតុការណ៍បាក់រលំផ្ទាំងទឹកកកនៅភាគឦសានប្រទេសអ៊ីតាលី ដែលបានសម្លាប់មនុស្សយ៉ាងហោច ណាស់ ៧នាក់។ សីតុណ្ហភាពខ្ពស់ត្រូវបានស្តីបន្ទោសចំពោះការដួលរលំផ្ទាំងទឹកកកនៅតំបន់ជួរភ្នំអាល់ (Alps) នេះ។ ការប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ដែលនឹងចូលជាធរមានរហូតដល់យ៉ាងហោចណាស់ចុងឆ្នាំនេះ នឹងជាមូលនិធិ ព្រមទាំងថាមពលបន្ថែមដល់រដ្ឋាភិបាល ដើម្បីដោះស្រាយជាមួយនឹងបញ្ហាអាកាសធាតុក្តៅ និងលក្ខខណ្ឌគ្រោះរាំងស្ងួតដែលបានគំរាមកំហែង ក៏ដូចជាកាត់បន្ថយទិន្នផលកសិកម្មរបស់ប្រទេសអ៊ីតាលីរហូតដល់មួយភាគបី។
ជាមួយគ្នានេះ រដ្ឋាភិបាលអ៊ីតាលីក៏បានផ្តល់ថវិកាសរុបចំនួន ៣៦.៥លានអឺរ៉ូ ឬប្រមាណ ៣៨.១លានដុល្លារសម្រាប់តំបន់ភាគខាងជើងនៃតំបន់ អ៊ីមីលា រ៉ូម៉ាញ៉េ (Emilia-Romagna), ហ្វ្រីសលី វេនណេសៀ ហ្គីលា (Friuli Venezia Giulia), ឡុំបាឌី (Lombardy), ភីដម៉ុន (Piedmont) និង វេនេតូ (Veneto) ដើម្បីដោះស្រាយការខ្វះខាតទឹករបស់ពួកគេ។
ការផ្តោតអារម្មណ៍នឹងត្រូវបានដាក់លើការបន្ធូរបន្ថយគ្រោះរាំងស្ងួតនៅតាមដងទន្លេ ប៉ូ (Po) ដែលជាផ្លូវទឹកដ៏វែងបំផុតរបស់ប្រទេសអ៊ីតាលី ដែលកំពុងដំណើរការ ៨៥% ក្រោមកម្រិតទឹកធម្មតារបស់វា និងភ្នំអាល់ភាគខាងកើត។ តំបន់ភាគច្រើននៅក្នុងប្រទេសអ៊ីតាលីត្រូវបានគ្រប់គ្រងដោយសីតុណ្ហភាពខ្ពស់ ដែលកត់ត្រាកើនឡើងលើស ៤០អង្សាសេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា



