អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ
កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថានទីក្រុង ទីប្រជុំជន និងសហគមន៍ ព្រមទាំងសុខមាលភាពក្រុមគ្រួសាររបស់យើងទាំងអស់គ្នា ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង អំពាវនាវបែបនេះ ក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាពការសាងសង់ និងការគ្រប់គ្រងទីលានទុកដាក់សំរាមក្រុងកំពង់ឆ្នាំង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុង ជុំវិញបឹងទន្លេសាប កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងបរិស្ថាន អភិបាលរងខេត្ត នាយក នាយករង រដ្ឋបាលខេត្ត ទីប្រឹក្សាបច្ចេកទេសគម្រោង ប្រធានមន្ទីរ អាជ្ញាធរពាក់ព័ន្ធ និងក្រុមការងារបច្ចេកទេសគម្រោងផងដែរ ។
សូមបញ្ជាក់ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អនុវត្តនៅក្រុងកំពង់ឆ្នាំង ផ្ដោតលើការអនុគម្រោងចំនួន ២ គឺ គម្រោងសាងសង់ទីលានទុកដាក់សំរាម ដែលបានបញ្ចប់ការសាងសង់ និងគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ដែលនឹងចាប់ផ្ដើមអនុវត្តការសាងសង់នាពេលខាងមុខនេះ ។
គណៈអធិបតី សូមឱ្យបងប្អូនប្រជាពល រដ្ឋយើងកុំចោលសំរាមពាសវាលពាសកាលនៅតាមទីសាធារណៈ តាមដងផ្លូវ និងសូមភ្ជាប់សេវាដឹកជញ្ជូនសំរាមឲ្យបានគ្រប់គេហដ្ឋាន ដើម្បីមូលដ្ឋានយើង ទីក្រុងយើងមានសោភ័ណភាព និងបរិស្ថានល្អ ៕ សុខ គឹមសៀន





